កំពង់ផែស្វយ័តក្រុងព្រះសីហនុ រៀបចំពិធីសំណេះសំណាល និងប្រគល់ស្បៀងផ្លែឈើ ជូនដល់ប្រធាននាវា និងក្រុមនាវិកនៃនាវាទេសចរណ៍អន្តរជាតិ Villa Vie Odyssey
ក្រុងព្រះសីហនុ ៖ ថ្ងៃចន្ទ ៧ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ស្បៀងផ្លែឈើ ជូនដល់ លោក Emanuele Guidice បញ្ជាការកាពីតែន និងក្រុមនាវិក នៃនាវាទេសចរណ៍អន្តរជាតិឈ្មោះ Villa Vie Odyssey ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
តាមរយៈសកម្មភាពដ៏មានអត្ថន័យនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរយ៉ាងដិតដល់ពីសំណាក់ ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយក ដែលជានិច្ចកាលតែងតែ ស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបង្ហាញទឹកចិត្តរាក់ទាក់ និងការយកចិត្តទុកដាក់លើសុខទុក្ខរបស់ភ្ញៀវអន្តរជាតិគ្រប់រូបដែលបានមកបំពេញទស្សនៈកិច្ច ឬចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនេះ គឺជាការបង្ហាញពីមនោសញ្ចេតនាដ៏ថ្លៃថ្លា ភាពរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចដ៏ល្អប្រពៃរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងការប្រគល់អំណោយស្បៀងផ្លែឈើនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយភាពកក់ក្តៅ ស្មារតីសាមគ្គីភាព និងការចេះជួយគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិដូចគ្នា។
អត្ថបទ៖ ម៉ារ៉ាឌី
ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (Sihanoukville Autonomous Port)


