រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បញ្ជាក់ថា៖ ច្រកសមុទ្រ Hormuz នឹងបើកដំណើរការឡើងវិញក្នុងរយៈពេល២ថ្ងៃ ប្រសិនបើ អាម៉េរិកយល់ព្រមតាមលក្ខខណ្ឌនានា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានថ្លែងថា៖ អ៊ីរ៉ង់បានយល់ព្រមលើ “ផែនការរយៈពេលពីរថ្ងៃ” ដើម្បីបើកចំហរច្រកសមុទ្រហ័រមូសឡើងវិញ ដោយកាត់បន្ថយរយៈពេលពីសំណើលើកមុន មានរយៈពេល៧ថ្ងៃ។ ការប្រកាសនេះធ្វើឡើងក្នុងពេលដែលគណៈប្រតិភូអ៊ីរ៉ង់កំពុងបន្តការចរចាជាមួយភាគីសម្របសម្រួលនៅក្នុងប្រទេសកាតា។ លោក Araghchi បានបញ្ជាក់ថា សំណើដែលកំពុងពិភាក្សានៅពេលនេះ គឺមានខ្លឹមសារដូចគ្នាទៅនឹង “ផែនការរយៈពេល៧ថ្ងៃដែរ” ដែលអ៊ីរ៉ង់បានស្នើឡើងពីលើកមុន។ នៅក្នុង “ផែនការរយៈពេល៧ថ្ងៃ” នោះ គឺអ៊ីរ៉ង់បានដាក់ចេញនូវលក្ខខណ្ឌនានាសម្រាប់ការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដោយចែងថា៖ ប្រសិនបើលក្ខខណ្ឌរបស់អ៊ីរ៉ង់ត្រូវបានបំពេញ នោះច្រកសមុទ្រនេះនឹងបើកឡើងវិញនៅថ្ងៃទី៦ ហើយការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៧។ ភាគីសម្របសម្រួលដូចជា កាតា និងប៉ាគីស្ថាន ក៏បានធ្វើការពិគ្រោះយោបល់ និងពិភាក្សាជាច្រើនមកហើយដែរលើបញ្ហានេះ ដោយបានលើកឡើងនូវសំណើសុំជាក់ស្តែង និងអាចអនុវត្តបានជាង “ផែនការរយៈពេល៧ថ្ងៃ” របស់អ៊ីអ៊ីរ៉ង់។ លោក Araghchi បានឱ្យដឹងថា មួយក្នុងចំណោមសំណើរបស់កាតា គឺការកាត់បន្ថយរយៈពេល៧ថ្ងៃនោះ មកនៅត្រឹម៥ថ្ងៃ ឬតិចជាងនេះ ហើយគណៈប្រតិភូអ៊ីរ៉ង់ក៏បានពិភាក្សាអំពីគំនិតនេះជាមួយភាគីកាតាក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់ពួកគេថែមទៀតផង។ ភ្លាមៗ អ៊ីរ៉ក៏ង់យល់ព្រមលើ “ផែនការរយៈពេលពីរថ្ងៃ” ដែលក្នុងនោះសហរដ្ឋអាមេរិកនឹងអនុវត្តវិធានការមួយចំនួននៅថ្ងៃទី១ ដោយច្រកសមុទ្រហ័រមូសនឹងបើកដំណើរការនៅថ្ងៃទី២ ហើយចរាចរណ៍ផ្លូវសមុទ្រនឹងត្រឡប់ទៅរកស្ថានភាពដូចមុន ពេលមានជម្លោះដូច្នោះឯង។ លោក Araghchi បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌពាក់ព័ន្ធនានា ដែលសុទ្ធតែត្រូវបានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad)។ លក្ខខណ្ឌដែលអ៊ីរ៉ង់បានដាក់ចេញសម្រាប់សហរដ្ឋអាមេរិករួមមាន៖ ការកំណត់ផ្លូវនាវាចរណ៍ថ្មីសម្រាប់ច្រកសមុទ្រហ័រមូស, ការដោះលែងមូលនិធិអ៊ីរ៉ង់ទាំងអស់ដែលត្រូវបានបង្កក, ការបញ្ចប់សង្គ្រាមក្នុងតំបន់ (រួមទាំងសង្គ្រាមនៅលីបង់), ការលុបចោលការបិទផ្លូវសមុទ្រ, ការស្តារការលើកលែងទណ្ឌកម្មសម្រាប់ការនាំចេញប្រេងរបស់អ៊ីរង់ និងការលុបចោលទណ្ឌកម្មថ្មីៗដែលសហរដ្ឋអាមេរិកបានដាក់លើអ៊ីរ៉ង់ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៅទីក្រុងអ៊ីស្លាម៉ាបាដ។ លោក Araghchi បានសង្កត់ធ្ងន់ថា ភាគីអ៊ីរ៉ង់បានលើកឡើងនូវលក្ខខណ្ឌផ្សេងទៀតនៅក្នុងលិខិតដែលបានដាក់ជូន ដែលលក្ខខណ្ឌទាំងនោះមិនមែនជារឿងមិនសមហេតុផលឡើយ ប្រសិនបើភាគីអាមេរិកបង្ហាញភាពស្មោះត្រង់ និងមានបំណងពិតប្រាកដក្នុងការឈានដល់កិច្ចព្រមព្រៀង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នានោះ។ លោកបានបញ្ជាក់ថា បញ្ហាទាំងអស់នេះគឺកំពុងស្ថិតនៅលើតុចរចារួចហើយ។ ដរាបណាភាគីអាមេរិកគោរពតាម «ផែនការរយៈពេល២ថ្ងៃ» នោះវានឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាព និងធ្វើឱ្យស្ថានភាពនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ត្រឡប់ទៅរកភាពប្រក្រតីវិញដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


