ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ចាប់ដៃគូគ្នា ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញគណនេយ្យ ឌីជីថល
ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំរវាង ក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ស្តីពី កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈ លើជំនាញគណនេយ្យ ឌីជីថល ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់កម្មវិធីសិក្សាផ្នែកគណនេយ្យ មានជំនាញច្បាស់លាស់ ឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីជួយបង្កើតឱកាសដល់សិស្ស-និស្សិត សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ឬចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជន។
ឯកឧត្តម បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំអនុវត្តគន្លងអប់រំថ្មី រួមមាន គន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅតាមវិទ្យាល័យដែលមានសក្តានុពល។ តាមរយះការដាក់ឲ្យអនុវត្ត គន្លងអប់រំថ្មី កំពុងតែបានដើរតួ ជាក្របខណ្ឌមួយសម្រាប់ណែនាំ និងតម្រង់ទិសដល់សិស្សានុសិស្ស ឲ្យទទួលបាននូវព័ត៏មាន និងបទពិសោធន៍សិក្សា ចាប់ពីកម្រិតធម្យមសិក្សាបឋមភូមិ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការស្វែងយល់ពីអាជីព និងការសម្រេចចិត្តជ្រើសអាជីពដ៏ត្រឹមត្រូវ។ ទន្ទឹមនឹងនេះ កម្មវិធីអប់រំតម្រង់ទិសការសិក្សា និងការអនុវត្តគន្លងសិក្សាមធ្យមសិក្សាបឋមភូមិ នឹងអាចភ្ជាប់គម្លាតរវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលអាចឲ្យសិស្សានុសិស្ស ទទួលបាននូវសមត្ថភាពពាក់ព័ន្ធ និងចាំបាច់សម្រាប់ទីផ្សារការងារនាពេលខាងមុខ។ គន្លងអប់រំថ្មីនេះ ក៍បានជួយលើកកម្ពស់សមធម៌អប់រំ ដោយចូលរួមដោះស្រាយតម្រូវការសិក្សាផ្សេងៗ របស់សិស្សដើម្បីសម្រេចបាននូវបំណងប្រាថ្នាអាជីពនាពេលអនាគត។
លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា តាមរយះពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការនេះ ពិតជាមោទនភាព និងជាសញ្ញាណដ៏វិជ្ជមានមួយសម្រាប់ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលទទួលបានទំនុកចិត្តពី ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើជាដៃគូអនុវត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍ គន្លងអប់រំថ្មី គឺកន្លងវិជ្ជាជីវៈ ក្នុងន័យនេះ ដើម្បីសម្រេចផល តាមវិស័យ និងសកម្មភាពសំខាន់ៗ ដូចជា ប្រតិបត្តិការ ប្រតិបត្តិភារកិច្ច និងការទទួលខុសត្រូវខ្ពស់។
កិច្ចសហការនេះ គឺជាស្ពានចម្លងយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានសមត្ថភាព ជំនាញអនុវត្តជាក់ស្តែង និងក្រមសីលធម៌ខ្ពស់ ដើរស្របតាមផែនការកំណែទម្រង់ការអប់រំរបស់រាជរដ្ឋាភិបាល។ នេះសបញ្ជាក់ថា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មានហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសិក្សា និងធនធានបង្រៀនប្រកបដោយស្តង់ដារ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ ជាពិសេស ការតម្រង់ទិសនិងជំនាញច្បាស់លាស់ នៃគន្លងអប់រំថ្មី នឹងជួយឱ្យសិស្ស-និស្សិត មានជម្រើសសិក្សាជំនាញច្បាស់លាស់ ទាំងផ្នែកបច្ចេកវិទ្យា ធុរកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនចូលរួមក្នុងសេដ្ឋកិច្ច ឌីជីថល។


