ឱកាសការងារជិត ៩ម៉ឺនកន្លែង កំពុងរង់ចាំ អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារ
ភ្នំពេញ ៖ ឱកាសការងារប្រមាណជិត ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំ អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។
តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៨៩.៤៣៥ កន្លែងនៅតាមបណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និង អ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។
ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករត្រឡប់មកពីប្រទេសថៃ និង អ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន តាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។
ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕


