ភ្នំពេញ ៖ យោងតាមបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ៖ គិតត្រឹមឆមាសទី ១ ឆ្នាំ២០២៦ កម្ពុជាមានអាងទឹកសរុបចំនួន ១ ៦៥៩ អាង ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់បម្រើដល់វិស័យកសិកម្ម ជាពិសេសការស្រោចស្រពដំណាំរបស់ប្រជាកសិករនៅទូទាំងប្រទេស។
ក្នុងចំណោមអាងទឹកទាំងនេះ មានអាងទឹកធំៗចំនួន ១២ រាប់ជាអាងស្តុកទឹកធំបំផុត ដែលមានសមត្ថភាពអាចស្តុកទឹករាប់លានម៉ែត្រគូប ដើម្បីជួយធានាការផ្គត់ផ្គង់ទឹកសម្រាប់ការដាំដុះ កាត់បន្ថយផលប៉ះពាល់ពីការខ្វះខាតទឹក និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
អាងទឹកធំៗទាំង ១២ ក្នុងចំណោមអាងទឹកសរុបចំនួន ១ ៦៥៩ អាង មាន៖
១. អាងទឹកតាសាល
-ទីតាំង៖ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
-សមត្ថភាពស្តុកទឹក៖ ១៥០ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ ផ្ទៃដីស្រែសរុប ១០ ០០០ ហិកតា
ទំនប់អាងទឹកតាសាល ដែលមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៥០ លានម៉ែត្រគូប ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងក្នុងឆ្នាំ ២០១១ និងបានបញ្ចប់ការងារជំហានទី ១ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៤ ។
ការងារសាងសង់នៅជំហានទី ១ រួមមាន ៖ សាងសង់ទំនប់បេតុងកំពស់ ២១ ម៉ែត្រ បាតទំនប់ប្រវែងពី ៤០ ទៅ ៦០ ម៉ែត្រ ខ្នងលើ ៦ ម៉ែត្រ ប្រវែង ៧២០ ម៉ែត្រ សំណង់ដោះដីល្បាប់មានទ្វារ ៣ ចំនួន ០១ កន្លែង ទំនប់បង្ហៀរប្រវែង ៣០,៥០ ម៉ែត្រ ចំនួន ០១ កន្លែង និងសំណង់ទ្វារទឹកស្រោចស្រព ចំនួន ០១ កន្លែង ។
ក្រោយបញ្ចប់ការសាងសង់ជំហានទី ១ បច្ចុប្បន្ន អាងទឹកតាសាល កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយទឹកជំនន់នៅរដូវវស្សាផង និងផ្តល់ទឹកសម្រាប់ការស្រោចស្រពស្រូវវស្សាចំនួន ៧.០០០ ហិកតា ស្រូវប្រាំង ៣.០០០ ហិកតា ពិសេសទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឺងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ។
២. អាងទឹករក្សា
-ទីតាំង៖ ឃុំពុទ្រា ស្រុកជ័យសែន និងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ
-សមត្ថភាពស្តុកទឹក៖ ២៥៧ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ រដូវវស្សា ១៤៣ ៣២៣ ហិកតា និងរដូវប្រាំង ២២ ៨៧៨ ហិកតា
-ថាមពលអគ្គិសនី៖ អាចផលិតបាន ១,៥ មេហ្គាវ៉ាត់
អាងទឹករក្សា គឺជាសំណង់ស្ទាក់ទឹក និងជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅលើដងស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ អាងទឹកនេះជាមហាសមិទ្ធផលមួយក្នុងចំណោមអាងទឹកធំៗទាំង១២ របស់ព្រះរាជាណាចក្រកម្ពុជា។ សមត្ថភាពស្តុកទឹក អាចរក្សាទឹកទុកបានចន្លោះពី ២៥៧ លាន ទៅ ២៦០ លានម៉ែត្រគូប នៅក្នុងរដូវវស្សា និងលទ្ធភាពស្រោចស្រពរដូវវស្សាបាន ១៤៣ ៣២៣ ហិកតា និងរដូវប្រាំងបាន ២២ ៨៧៨ ហិកតា និងអាចផលិតថាមពលអគ្គិសនីបាន ១,៥ មេហ្គាវ៉ាត់។
៣. អាងទឹកពហុបំណងបាត់ដំបង (ទំនប់សេកសក)
-ទីតាំង៖ ឃុំផ្លូវរមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
-សមត្ថភាពស្តុកទឹក៖ ១៣៨ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ រដូវវស្សា ៤៧ ០០០ ហិកតា និងរដូវប្រាំង ១២ ០០០ ហិកតា
-ថាមពលអគ្គិសនី៖ អាចផលិតបាន ១៣,១ មេហ្គាវ៉ាត់
អាងទឹកពហុបំណងបាត់ដំបង ឬត្រូវបានស្គាល់ជាទូទៅថា ទំនប់សេកសក គឺជាគម្រោងប្រព័ន្ធធារាសាស្ត្រ និងវារីអគ្គិសនីដ៏ធំមួយ ដែលដើរតួជាបេះដូងក្នុងការផ្គត់ផ្គង់ទឹក និងបម្រើដល់វិស័យកសិកម្មយ៉ាងសំខាន់នៅក្នុងខេត្តបាត់ដំបង។ អាងទឹកនេះមានទីតាំងស្ថិតនៅក្នុង ភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីក្រុងបាត់ដំបង។
អាងទឹកមានសមត្ថភាពស្តុកទឹកប្រមាណ ១៩៣,៤៣ លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រពផ្ទៃដីប្រមាណ ៤៧,០០០ ហិកតា ក្នុងរដូវវស្សា និង ១២,០០០ ហិកតា ក្នុងរដូវប្រាំង។
អាងទឹកពហុបំណងបាត់ដំបង មិនត្រឹមតែជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើការធ្វើកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏មានសក្តានុពលក្នុងការផលិតថាមពលអគ្គិសនីដើម្បីបម្រើតម្រូវការប្រើប្រាស់ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ជុំវិញផងដែរ។
តាមសមត្ថភាពរបស់អាងទឹកនេះ អាចផលិតថាមពលវារីអគ្គិសនីបានប្រមាណ ១៣ មេហ្គាវ៉ាត់ បន្ថែមពីមុខងារផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម។
៤. អាងទឹកកំពីងពួយ
-ទីតាំង៖ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
-សមត្ថភាពស្តុកទឹក៖ ១៤៣ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ ផ្ទៃដីស្រែសរុប ២៣ ៦០០ ហិកតា
ប្រវត្តិនៃអាងស្ដុកទឹកកំពីងពួយត្រូវបានសាងសង់ឡើង នៅក្នុងរបបខ្មែរក្រហម។ អាងស្ដុកទឹកដ៏ធំសម្បើមនេះ មានទីតាំងស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រ នៅភាគខាងលិច នៃទីរួមខេត្តបាត់ដំបង ។
អាងទឹកនេះមានបណ្តោយប្រហែល ៦,០០០ ម៉ែត្រ និងទទឹង ១,៩០០ ម៉ែត្រ ដោយស្ថិតនៅចន្លោះចន្លោះភ្នំពីរ គឺភ្នំគូ (ឬភ្នំតាង៉ែន) និងភ្នំកំពីងពួយ។ ទំនប់នេះមានសមត្ថភាពអាចផ្ទុកទឹកបានរហូតដល់ទៅ ១១០ លានម៉ែត្រគូប ក្នុងរដូវវស្សា សម្រាប់ស្រោចស្រពដីស្រែរាប់ម៉ឺនហិកតា ដែលធ្វើឱ្យតំបន់ជុំវិញអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ។ នាពេលថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធខ្នងទំនប់ប្រវែង ៨ គីឡូម៉ែត្រ ត្រូវបានអភិវឌ្ឍដោយការចាក់បេតុងស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។
៥. អាងទឹកត្រពាំងថ្ម
-ទីតាំង៖ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
-សមត្ថភាពស្តុកទឹក៖ ១៨០ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ រដូវវស្សា ២៥ ០០០ ហិកតា និងរដូវប្រាំង ១៥ ០០០ ហិកតា
អាងត្រពាំងថ្ម ស្ថិតនៅក្នុងឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមរតកបន្សល់ទុកពីរបបខ្មែរក្រហម។ អាងទឹកដ៏ធំមួយនេះត្រូវបានស្តារឡើងវិញនៅឆ្នាំ២០០៤ ក្រោមមូលនិធិជំនួយក្រៅគម្រោងរបស់រដ្ឋាភិបាលជប៉ុន សហការជាមួយក្រសួងធនធានទឹក និងបានសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០០៦។
បច្ចុប្បន្នអាងត្រពាំងថ្មអាចរក្សាទឹកបានប្រមាណ ១៨០ លានម៉ែត្រគូបនៅរដូវវស្សា។ នៅរដូវប្រាំងអាងទឹកនេះអាចរក្សាទឹកបាន ១២០ លានម៉ែត្រគូប ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាទំហំ ២៥ ០០០ហិកតា និងស្រែប្រាំងទំហំ ១៥ ០០០ហិកតា ។
៦. អាងទឹកទំនប់លេខ ៣
-ទីតាំង៖ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
-សមត្ថភាពស្តុកទឹក៖ ២៥,៥ លានម៉ែត្រគូប
អាងទឹកទំនប់លេខ ៣ គឺជាអាងស្តុកទឹកដ៏សំខាន់មួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អាងទឹកនេះដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធធារាសាស្ត្រ ការពារទឹកជំនន់ និងផ្គត់ផ្គង់ទឹកសម្រាប់ការធ្វើកសិកម្មនៅក្នុងតំបន់។
អាងទឹកដ៏សំខាន់នេះជួយកាត់បន្ថយគ្រោះទឹកជំនន់នៅរដូវវស្សា និងរក្សាទឹកទុកសម្រាប់ស្រោចស្រពដីកសិកម្មនៅរដូវប្រាំង។
ជាមួយសមត្ថភាពស្តុកទឹកបានចំនួន ២៥,៥ លានម៉ែត្រគូប ត្រូវបានរាប់បញ្ចូលជាអាងទឹកធំៗមួយក្នុងចំណោមអាងទឹកសំខាន់ៗទាំង ១២ របស់ព្រះរាជាណាចក្រកម្ពុជា។
៧. អាងទឹកទំនប់លេខ ៥
-ទីតាំង៖ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
-សមត្ថភាពស្តុកទឹក៖ ២៤,៥ លានម៉ែត្រគូប
មានទីតាំងស្ថិតនៅក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១០ និងបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០១៣។
ទំហំសំណង់មានប្រវែងទំនប់សរុប ៤៧៧ ម៉ែត្រ និងសមត្ថភាពស្តុកទឹកបានរហូតដល់ ២៤,៥ លានម៉ែត្រគូប។
តួនាទីសំខាន់ៗគឺគាំទ្រប្រព័ន្ធធារាសាស្ត្រ ជួយដល់ការស្រោចស្រពបន្ថែមទៅលើប្រព័ន្ធស្រោចស្រពដំណាក់អំពិល និងប្រព័ន្ធស្រោចស្រពចារឹក ហើយធានាការផ្គត់ផ្គង់ទឹកដល់ផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបាកាន និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់។
៨. អាងទឹកដូនទ្រី
-ទីតាំង៖ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង
-សមត្ថភាពស្តុកទឹក៖ ១៦៣,១ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ រដូវវស្សា ៣៣ ០០០ ហិកតា និងរដូវប្រាំង ៤ ៥០០ ហិកតា
ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ ហិកតា គ្របដណ្តប់លើឃុំចំនួន ១១ នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។
ទំនប់ដូនទ្រី បានសម្រេចការសាងសង់ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨។
៩. អាងទឹកស្ទឹងស្រែង ១
-ទីតាំង៖ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
-សមត្ថភាពស្តុកទឹក៖ ១៥៣ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ ផ្ទៃដីស្រែសរុប ២៥ ០០០ ហិកតា
ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប្រព័ន្ធដ៏ធំគ្របដណ្តប់លើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ និងស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ និងបានដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការងារបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងការប្រើប្រាស់សម្រាប់វិស័យផ្សេងៗទៀត។
ប្រព័ន្ធនេះបញ្ជូនទឹកពីទិសខាងជើងទៅទិសខាងត្បូង តាមប្រឡាយមេបេតុង ២ ខ្សែ គឺប្រឡាយមេខាងកើត និងប្រឡាយមេខាងលិច រួមជាមួយទំនប់សណ្ដស្ទឹង ១ ខ្សែ ប្រវែង ២៩៨៤ម៉ែត្រ។ ប្រឡាយមេខាងកើតមានប្រវែង ៣៨០៥៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកមកស្រោចស្រពលើផ្ទៃដី ១២ ០០០ ហិកតា ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ប្រឡាយមេខាងលិច មានប្រវែង ៤២៩៦៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកឆ្លងកាត់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមកស្រោចស្រពលើផ្ទៃដី ១៣ ០០០ ហិកតា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
១០. អាងទឹកស្ទឹងស្រែង២
-ទីតាំង៖ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
-សមត្ថភាពស្តុកទឹក៖ ២៥៨ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ ផ្ទៃដីស្រែសរុប ២៥ ០០០ ហិកតា
តំបន់អាងរក្សាប្រភពទឹកស្ទឹងស្រែងទី២ ចាប់តាំងពីរាជរដ្ឋាភិបាល បានធ្វើទំនប់ស្ទាក់ប្រភពទឹកសម្រាប់បម្រើដល់ការស្រោចស្រប់លើវិស័យកសិកម្មក្នុងឡុងឆ្នាំ ២០១៧ មក តំបន់នេះបានប្រែក្លាយទៅជាតំបន់រមណីយដ្ឋាន និងមានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរក្នុងនិងក្រៅស្រុក មកលេងកម្សាន្តនៅទីនោះជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃចូលឆ្នាំខ្មែរ និងថ្ងៃឈប់សម្រាក ឬថ្ងៃធម្មតាក៏មានភ្ញៀវទៅលេងកម្សាន្តជាប្រចាំ ។
១១. អាងទឹកស្ទឹងជីនិត
-ទីតាំង៖ ចន្លោះឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ សមត្ថភាពស្តុកទឹក៖ ៣៩ លានម៉ែត្រគូប
-លទ្ធភាពស្រោចស្រព៖ ស្រូវប្រាំងលើកទី១ ចំនួន ១៨ ០០០ ហិកតា និងលើកទី២ ចំនួន ៧ ៣០០ ហិកតា
អាងទឹកស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានសមត្ថភាពស្តុកទឹកសរុបប្រមាណ ៣៩ លានម៉ែត្រគូប។ បច្ចុប្បន្ន បរិមាណទឹកក្នុងអាងមានប្រមាណ ៣៦ លានម៉ែត្រគូប ស្មើនឹង ៩២% នៃសមត្ថភាពស្តុក។ ប្រព័ន្ធធារាសាស្ត្រនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាប្រមាណ ១៨,០០០ ហិកតា ស្រូវរដូវប្រាំងប្រមាណ ៧,៣០០ ហិកតា ព្រមទាំងផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅ និងចូលរួមទ្រទ្រង់វិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់ផងដែរ។
១២. អាងទឹកអូរតេធិបតី
-ទីតាំង៖ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី
-សមត្ថភាពស្តុកទឹក៖ ១២ លានម៉ែត្រគូប
អាងទឹកអូរតេធិបតី ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានសមត្ថភាពស្តុកទឹកសរុប ១២ លានម៉ែត្រគូប ជាអាងទឹកធំៗទាំង ១២ ក្នុងចំណោមអាងទឹកសរុប ១ ៦៥៩ អាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦។
ទំនប់អូរតេធិបតី បានផ្តល់ប្រយោជន៍ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ប្រើប្រាស់ និងស្រោចស្រពដំណាំជាប្រចាំថ្ងៃ៕


