ដំណើរទស្សនកិច្ចនៅប៉ូឡូញ ! ឯកឧត្តម ម៉ាង ស៊ីណេត ជួបពិភាក្សាជាមួយក្រុមហ៊ុន MCR Group ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ បច្ចេកវិទ្យា សុវត្ថិភាពសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ទីក្រុង Gdańsk-សាធារណរដ្ឋប៉ូឡូញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងទាក់ទាញទុនវិនិយោគថ្មីៗ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ខេត្តព្រះសីហនុ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុង Gdańsk សាធារណរដ្ឋប៉ូឡូញ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន MCR Group។

ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ ឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូ បានជួបប្រជុំពិភាក្សាការងារយ៉ាងផុសផុល ព្រមទាំងបានស្តាប់បទបង្ហាញណែនាំយ៉ាងលម្អិតអំពីប្រវត្តិក្រុមហ៊ុន សកម្មភាពអាជីវកម្ម បទពិសោធន៍ បច្ចេកវិទ្យាទំនើប និងទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន MCR Group។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយដ៏សំខាន់រួមមាន ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ពីឱកាសវិនិយោគយ៉ាងទូលំទូលាយលើវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ទេសចរណ៍ និងវិស័យដែលមានសក្តានុពលដទៃទៀត ព្រមទាំងបានអំពាវនាវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន MCR Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុផងដែរ។

ជំនួបពិភាក្សានេះ ត្រូវបានវាយតម្លៃថាបានផ្ដល់នូវឱកាសដ៏មានសារៈសំខាន់បំផុត ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈគ្នាទៅវិញទៅមក ព្រមទាំងជួយបើកច្រកថ្មីក្នុងការស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ បច្ចេកវិទ្យា សុវត្ថិភាពសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការជំរុញកំណើន និងការអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយចីរភាពនាពេលអនាគត។

 

អត្ថបទ៖ ម៉ារ៉ាឌី

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ