ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យ និងចុះហត្ថលេខាលើការប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧

ល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡង បាននិងកំពុងបន្តអនុវត្តនីតិវិធីដំណាក់កាលចុងក្រោយយ៉ាងម៉ឺងម៉ាត់ គឺការបូកសរុបពិន្ទុ ពិនិត្យ និងផ្ទៀងផ្ទាត់លើសន្លឹកកិច្ចការ និងព័ត៌មានពាក់ព័ន្ធរបស់បេក្ខជន ដើម្បីរៀបចំបញ្ជីឈ្មោះ និងប្រកាសលទ្ធផលបេក្ខជនទាំងជាប់ជាស្ថាពរ និងជាប់បម្រុង។

នៅក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានអញ្ជើញដោយផ្ទាល់នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅកម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧។

កិច្ចខិតខំប្រឹងប្រែងរបស់អនុគណៈកម្មការ៖ អនុគណៈកម្មការបូកនិងស្រង់ពិន្ទុ កំពុងពន្លឿនការបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីធានាថាការប្រកាសលទ្ធផលជូនបេក្ខជនអាចធ្វើឡើងបានឆាប់រហ័ស និងស្របតាមផែនការដែលបានគ្រោងទុក។

រាល់ការសម្រេចបានសមិទ្ធផលក្នុងដំណាក់កាលនីមួយៗ ត្រូវបានឆ្លងកាត់នីតិវិធីយ៉ាងល្អិតល្អន់ និងហ្មត់ចត់បំផុត ក្រោមការអង្កេត ពិនិត្យ និងតាមដានពីភាគីពាក់ព័ន្ធ រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ អនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ តំណាងសាកលវិទ្យាល័យនានា សាធារណជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងអ្នកសារព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីសម្រេចបានលទ្ធផលផ្លូវការដែលមានភាពត្រឹមត្រូវ ច្បាស់លាស់ និងសុក្រឹតជាទីបំផុត។