ឧត្តមសេនីយ៍ឯក លឹម តុងហួត : មហាជននៅខេត្តតាកែវចាប់អារម្មណ៍ខ្លាំងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តតាកែវ : ឧត្តមសេនីយ៍ឯក លឹម តុង ហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈ ជម្រាបជូនឲ្យដឹងបែបនេះ នៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះសហការជាមួយ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ រៀបចំពិធីផ្សព្វផ្សាយ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃ១ វិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានថ្លែងសាទរនូវសកម្មភាព ផុលផុសរបស់ក្រុមការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក៏ដូចជា App NoDrug  ដល់មហាជន។

ក្នុងនាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក្នុងឱកាសនោះ ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរង ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានឲ្យដឹងថា ការងារប្រឆាំងគ្រឿងញៀនគឺយើងបានធ្វើជារឿយៗដោយមូលដ្ឋានផ្ទាល់និងកិច្ចសហការមន្ត្រីជំនាញថ្នាក់ជាតិ សំដៅរួមគ្នាពង្រឹងសមត្ថភាព និងពង្រីកការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឲ្យដឹងដែរថា មហាជនពិសេសយុវជនមានការចាប់អារម្មណ៍ខ្លាំងទៅលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការចូលរួមទស្សនាស្វែងយល់នៅស្តង់ពិព័រណ៌របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តតាកែវ និងការទាញយកកម្មវិធីNoDrug ដោយទឹកមុខញញឹមបង្ហាញពីការពេញចិត្តនឹងចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន “ផ្ទះខ្ញុំ-ផ្ទះអ្នក ក្បែរផ្ទះខ្ញុំ-ក្បែរផ្ទះអ្នក គ្មានគ្រឿងញៀនសហគមន៍របស់យើងនឹងគ្មានគ្រឿងញៀន ” រាល់ករណីគ្រឿងញៀនដែលអ្នកបានឃើញមួយគឺរាយការណ៍មួយ ” ហើយការមិនអើពើឬមើលរំលងឃើញអ្នកញៀនគ្រឿងញៀននៅក្នុងផ្ទះឬក្បែរផ្ទះអាចនាំឲ្យមានការល្បួងឱ្យប្រើប្រាស់ដូចគេដែរ។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសសើរ ចំពោះកិច្ចសហការរួមគ្នាទាំងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រជាវត្ថុអនុស្សាវរីយ៍មាន ៖ ឆ័ត្រ មួក សៀវភៅ អាវយឺត បន្តោងសោ ផ្លិត ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ទឹកបរិសុទ្ធ ។ល។ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC  ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន  ក្រុមហ៊ុនទេសចរណ៍ឆាយភល និងធូរវើលត្រាវែល និងក្រុមហ៊ុនប៊ែវើរីជីស។