មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី រៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា សេវាអប់រំកុមារតូច គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈទូទាំងខេត្តមណ្ឌលគិរី បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ យ៉ាងមហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលខេត្តស្តីទី តំណាងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត លោក-លោកស្រី នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។
ក្នុងឱកាសនោះ លោក ឌឹម នី អភិបាលខេត្តស្តីទី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ជាមួយនឹងអនុសាសន៍គន្លឹះ ១៦ ចំណុច ដើម្បីបន្តជំរុញកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ សារលិខិតនោះ បានគូសបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ លើការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ និងសុខភាព ព្រមទាំងការជំរុញការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន និងរៀន។ លោក អភិបាលខេត្តស្តីទី ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ កសាងខ្លួនឱ្យមានក្រមសីលធម៌ និង ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តមណ្ឌលគិរីមានគ្រឹះស្ថានសិក្សាសរុប ១៨៥កន្លែង បុគ្គលិកអប់រំ ១.១៤៦នាក់ និងសិស្សានុសិស្សសរុប ២៧.២៧១នាក់ (ក្នុងនោះមានសិស្សជនជាតិដើមភាគតិចជិត ១ម៉ឺននាក់)។ សម្រាប់លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាឆ្នាំសិក្សាកន្លងទៅ សម្រេចបានអត្រាជាប់ ៩៤,៦៦% ដោយមានសិស្សទទួលបាននិទ្ទេស A ចំនួន ៥នាក់។ ទន្ទឹមនឹងសមិទ្ធផលសម្រេចបាន ខេត្តមណ្ឌលគិរី នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាការខ្វះខាតគ្រូមត្តេយ្យសិក្សា និងអគារសិក្សាចាស់ទ្រុឌទ្រោមនៅតំបន់ដាច់ស្រយាល។ លោក បន្ថែមថា មន្ទីរអប់រំខេត្ត នឹងបន្តជំរុញការអនុវត្តគោលនយោបាយ «ឃុំមួយមានអនុវិទ្យាល័យមួយ» ពង្រឹងស្តង់ដាសាលារៀនគំរូ និងខិតខំកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សឱ្យនៅត្រឹមក្រោម ៥% ក្នុងឆ្នាំសិក្សាថ្មីនេះ៕