ក្រសួងកសិកម្ម និង IFAD ជំរុញការពង្រីកសេវា​ឌីជីថល ដើម្បីលើក​កម្ពស់ផលិតភាព និងពង្រីកទី​ផ្សារកសិផលរបស់​កសិករ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេ​សាទ និងមូល​និធិអន្តរជាតិសម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) បាន​ជំរុញ​ការពង្រី​កសេវាឌីជីថល​នៅ​កម្រិត​ស​ហគមន៍កសិកម្ម ដើម្បីពង្រឹងសមត្ថភាពកសិករក្នុងការប្រើប្រាស់បច្ចេកវិទ្យា បង្កើនផលិតភាព និងស្វែងរកទី​ផ្សារសម្រាប់ផលិត​ផលកសិ​កម្ម​ឱ្យ​កា​ន់​តែមាន​ប្រសិទ្ធភាព ស្រប​តាមទិសដៅ​ទំនើបកម្មវិ​ស័យក​សិក​ម្មនៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការ​ផ្លាស់ប្តូរពីស​កម្មភាព​សាកល្បង ទៅ​កាន់ការ​ផ្តល់សេវាឌី​ជីថលកម្រិតសហ​គមន៍កសិក​ម្មប្រកបដោ​យនិរ​ន្តរភាព និង​មាន​លក្ខណៈ​ជា​ស្ថាប័ន នៅរា​ជធានីភ្នំពេញ នាថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២​០២៦ ឯកឧ​ត្តមប​ណ្ឌិត មាស ពិសិដ្ឋ ជា រដ្ឋ​លេខាធិការក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានគូសបញ្ជាក់ពី​សារៈសំខាន់នៃការប​ញ្ជ្រាបចំ​​ណេះដឹង​ឌីជីថ​លដល់​កសិករ ដើម្បីឱ្យពួក​គាត់អាចសម្របខ្លួនទៅ​នឹងការវិវត្តនៃបច្ចេ​កវិទ្យា និងទាញយកអត្ថ​ប្រយោជន៍ពី​ឱកាសទីផ្សារថ្មីៗ។

ឯកឧត្តមបណ្ឌិតបានមានប្រសា​សន៍ថា​៖«យើងត្រូវ​តែជួយប្រជាពល​រដ្ឋ ជាពិសេ​សកសិក​ររបស់យើង ឱ្យមានចំ​ណេះដឹងផ្នែក​បច្ចេកវិទ្យា​ឌីជីថល ដើម្បីឱ្យពួ​កគាត់​អាចដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាដែ​លកំពុងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ប្រព័ន្ធបច្ចេកវិទ្យាអាច​ជួយសម្រួលដល់កសិ​ករក្នុងកា​រ​ស្វែ​ង​រកទី​ផ្សារ និងលក់ផលិតផលក​សិកម្ម តាមរយៈ​ការផ្សព្វផ្សាយព័ត៌​មានអំពីផ​លិតផលរបស់ពួក​គាត់ទៅកាន់អ្នក​ទិញដែល​មានតម្រូវការ»។

ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់បច្ចេ​កវិទ្យា​ឌីជីថលក៏អាចជួយ​ឱ្យកសិករ​ទទួលបានចំណេះ​ដឹង និងជំ​នាញបច្ចេកទេសថ្មី​ៗ ពាក់ព័ន្ធនឹ​ងការដាំដុះ ការថែទាំដំណាំ និងកា​រប្រមូល​ផល ដើម្បីបង្កើនទិន្នផល និង​លើកកម្ពស់គុណ​ភាពផលិតផល ដោយមិនចាំបាច់ពង្រី​កផ្ទៃដីស្រែចម្ការ​ដែលពួ​កគាត់កំពុ​ង​ប្រើ​ប្រាស់​នោះ​ឡើយ។

ជាមួយគ្នានេះ លោ​ក Frew Behabtu នាយក IFA​D ប្រចាំកម្ពុជា បានថ្លែងអំណរគុ​ណចំពោះដៃ​គូអភិវឌ្ឍន៍ អង្គការដៃ​គូ សហក​រណ៍កសិកម្ម និង​ក្រសួង​ស្ថាប័នពាក់ព័​ន្ធ ដែលបានចូលរួ​មគាំទ្រការអនុ​វត្តសកម្មភាពផ្លាស់​ប្តូរបទពិសោធ​ន៍នៅតាមមូលដ្ឋាន និងការបន្តជំរុញកា​រអភិវឌ្ឍសេវាកម្ម​ឌីជី​ថល​ស​ម្រាប់​កសិករ។

លោកបានលើកឡើងថា ការជំរុញបេ​សកកម្ម​នេះស្របទៅនឹង «យុទ្ធសា​ស្ត្របញ្ចកោណ» របស់រា​ជរដ្ឋាភិបាល និងរបៀបវា​រៈទំនើបកម្មវិស័យកសិកម្ម។ ជាពិសេស ការពង្រីកវិសា​លភា​ពរប​ស់កម្មវិធី ASPIRE-AT ទៅកាន់ស​ហគមន៍កសិកម្មទំនើ​ប​ចំនួន ៥០ នឹងជួយបង្កើនការតភ្ជាប់រវាងសហករណ៍ក​សិ​​កម្ម​ជាមួយ​ប្រភពហិរញ្ញវត្ថុ​ សេវាប្រមូលផ្តុំផលិតផល ការកែច្នៃ ការតាមដាន​ប្រភពដើមផលិតផល និងទីផ្សារ។

យោងតាមលទ្ធផលនៃគម្រោង SEEDS ក្នុងអំឡុងឆ្នាំ២០២៤-២​០២៥ គម្រោងនេះ​បានផ្តល់អត្ថប្រយោ​ជន៍ដល់កសិករខ្នា​តតូចនៅតាមជនបទចំនួន ១២.០៣៤នាក់ នៅទូទាំងតំបន់ ក្នុង​នោះមានសមាជិកសហករ​ណ៍កសិកម្មចំនួន ៥.០៣៧នាក់ មកពីសហក​រណ៍កសិកម្មចំ​នួន ៨នៅក​ម្ពុជា។

ក្នុងការអនុវត្ត គម្រោងបានបង្កើត និងគាំទ្រក្រុមអ្នកដឹកនាំផ្នែក​កសិកម្មឌីជីថល (Digital Agriculture Arrowheads – DAA) ដែល​ភាគច្រើនជាស្ត្រី និងយុវជនឱ្យ​​ដើរតួនា​ទី​ជាគ្រូបង្គោល និងអ្នកណែនាំ​នៅក្នុងសហគមន៍ ដើម្បីជួយកសិកររៀន​ប្រើប្រាស់ឧបក​រណ៍ និងកម្មវិ​ធីឌីជីថលដែល​សមស្របនឹងតម្រូវការជាក់ស្តែងនៅមូ​លដ្ឋាន។ ក្នុងនោះ​ កម្មវិធីទូរស័ព្ទ «​ចម្ការ» (Chamka) របស់កម្ពុជា ក៏បានចូលរួមគាំទ្រដល់ការគ្រប់គ្រ​ងផលិ​ត​កម្ម និងការស្វែង​រកទីផ្សារផលិត​ផលកសិ​កម្មផងដែរ៕