លោក Eisenkot បានចោទប្រកាន់គណបក្សរបស់លោក Netanyahu ថាបានរៀបចំទុកជាមុននូវលទ្ធផលបោះឆ្នោតក្នុងប្រទេសអ៊ីស្រាអែល ដើម្បីខ្លួនបានឡើងកាន់តំណែងបន្ត
កាលពីថ្ងៃព្រហស្បតិ៍លោក Gadi Eisenkot មេដឹកនាំគណបក្ស Yashar បានចោទប្រកាន់គណបក្ស Likud និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថាបានចាប់ផ្តើម «យុទ្ធនាការមួយដែលមានការរៀបចំទុក និងសម្របសម្រួលគ្នាជាមុន ដើម្បីបដិសេធភាពស្របច្បាប់នៃលទ្ធផលបោះឆ្នោតក្នុងប្រទេស»។ លោក Eisenkot បានថ្លែងថា៖ ពួកគេធ្វើបែបនេះ ព្រោះពួកគេបានចាញ់បក្សរបស់យើង។ ពួកគេមិនមានសំឡេងភាគច្រើនទេ។ នៅក្នុងរដ្ឋអ៊ីស្រាអែល គឺមាននីតិរដ្ឋត្រឹមត្រូវ។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរអ្វីសូម្បីតែបន្តិចបន្តួច ពីផែនការស្បថចូលកាន់តំណែងរបស់សភា Knesset នោះទេ»។ ចំណែកលោក Netanyahu និងគណបក្សរបស់លោកវិញ បានពង្រីកការអះអាងថា ការបោះឆ្នោតនៅក្នុងប្រទេសនេះ ត្រូវបាន «លួច» ដោយគណបក្សនានាដែលដឹកនាំដោយជនជាតិអារ៉ាប់។ លទ្ធផលចុងក្រោយត្រូវបានគេរំពឹងថានឹងបញ្ជាក់នៅថ្ងៃ នេះ ខណៈដែលក្រុមប្រឆាំងបានចោទប្រកាន់ថា៖ លោក Netanyahu កំពុងព្យាយាមធ្វើឱ្យប្រជាជនអារ៉ាប់មើលទៅដូចជាមនុស្សអាក្រក់ បន្ទាប់ពីគណបក្សដែលដឹកនាំដោយជនជាតិអារ៉ាប់ទទួលបានលទ្ធផលល្អប្រសើរជាងមុន។ លោក Eisenkot បាននិយាយបន្ថែមថា៖ រឿងមួយដែលលោកច្បាស់លាស់នោះគឺថា ពេលវេលាដែលលោក Netanyahu ប្រើប្រាស់ស្ថាប័នរដ្ឋាភិបាលប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីស្រាអែល ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន គឺបានបញ្ចប់ហើយ។ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានស្នើឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Shin Bet ធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលក្នុងការងារបោះឆ្នោតដោយ «ភាគីបរទេស» មួយចំនួនដែលមិនត្រូវបានបញ្ជាក់ឈ្មោះនៅឡើយទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


