រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងមហោឡារិក នៅសាលប្រជុំមិត្តភាព សាលាខេត្តមណ្ឌលគិរី។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និង ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក លោកគ្រូ-អ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លានេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអានសារលិខិតថ្វាយព្រះពរ តំណាងឱ្យរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រទូទាំងខេត្ត ដោយបានសម្តែងនូវអំណរសាទរឥតឧបមា និងកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងតែគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងបានបំពេញព្រះរាជកិច្ចប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ព្រមទាំងសកម្មភាពមនុស្សធម៌ សង្គមកិច្ច និងសុខមាលភាពសាធារណៈ ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។

ជាទីបញ្ចប់ ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក បារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះប្រោសព្រះរាជទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខសាន្ត សម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍៕