ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា : មន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃត្រូវតែទទួលបានការផ្សព្វផ្សាយនិងបណ្តុះបណ្តាលឱ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀនដើម្បីចៀសផុតពីការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
ខេត្តសៀមរាប ៖ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងពិធីបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀនដល់ មន្ត្រីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមសរុប៣៥០នាក់ នៅសាលាខេត្តសៀមរាប ។
ក្នុងនាមឯកឧត្តម កៅ ខុនដារ៉ា ប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានវាយតម្លៃខ្ពស់ កោតសរសើរ ចំពោះខេត្តសៀមរាបដែលបានឆ្លើយតបនិងគោលការណ៍ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកំណត់ថា៖ “គ្រប់មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែទទួលបានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ចៀសផុតពីការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ពិសេសចៀសផុតពីការរកឃើញសារធាតុញៀនក្នុងទឹកមូត្រ»
ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត ប្រធានគណៈកម្មាធិការ ក្នុងឱកាសនោះដែរ ឯកឧត្តម សំកុល សុចិត្រា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបបានថ្លែងពីកិច្ចខិតខំប្រឹងប្រែងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនហើយទទួលលទ្ធផលល្អប្រសើរជាច្រើនទាំងការងារផ្សព្វផ្សាយ អប់រំ ការអនុវត្តច្បាប់ និងវិធានការរដ្ឋបាល សំដៅរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានពាំនាំនៅប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសរសើរចំពោះកិច្ចខិតខំរបស់ខេត្តសៀមរាបយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្មទទួលបានលទ្ធផលល្អ និងបានចែករំលែកចំណេះដឹងនិងសារៈសំខាន់នៃកម្មវិធីទូរសព្ទដៃ NoDrug ដើម្បីសម្រួល ពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រជាពលរដ្ឋអាចប្រើប្រាស់បានដោយសេរី រាយការណ៍ដោយសេរីរាល់ករណីគ្រឿងញៀនដែលខ្លួនបានឃើញនៅក្នុងមូលដ្ឋានហើយទទួលបានការដោះស្រាយយ៉ាងមានប្រសិទ្ធភាព ” ប្រជាពលរដ្ឋម្នាក់ជាភ្នាក់ងារផ្សព្វផ្សាយApp NoDrug ម្នាក់ ” ប្រជាពលរដ្ឋប្រើប្រាស់App NoDrug បានកាន់តែច្រើនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាននឹងបានកាត់បន្ថយឈានទៅលុបបំបាត់កាន់តែឆាប់រហ័ស។


