ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្វែងរកការគាំទ្រ ពីថ្នាក់ដឹកនាំខេត្តចំនួន៣ ដើម្បីពង្រឹង និងទប់ស្កាត់ការ នាំចូលសត្វខុសច្បាប់តាមច្រកព្រំដែនឱ្យបានតឹងរឹងបំផុត

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបានចុះបំពេញបេសកកម្មរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅតាមខេត្តជាប់ព្រំដែនចំនួន ៣ គឺ ខេត្តព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ជាលទ្ធផលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តទាំង៣ និងសាខាក្នុងខេត្តទាំងនោះ លើការងារពង្រឹង និងទប់ស្កាត់ការនាំចូលសត្វខុសច្បាប់តាមច្រកព្រំដែន។

នេះជាប្រសាសន៍លើកឡើងរបស់ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានលើក ឡើង នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រារព្វធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមាន ប្រសាសន៍បញ្ជាក់ថា ក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ ដោយមើលឃើញពីបញ្ហាប្រឈម និងផលប៉ះពាល់ ពីការនាំចូលសត្វជ្រូក សាច់បក្សី និងមាន់ពីក្រៅប្រទេសតាមច្រករបៀងព្រំដែន ធ្វើឱ្យកសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជាច្រើនបង្ខំចិត្តបិទទ្វារ ឬកាត់បន្ថយទំហំផលិតកម្ម។ពាក់ព័ន្ធនឹងបញ្ហានេះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចាត់វិធានការភ្លាមៗ និងបន្ទាន់ ដោយបាន ដាក់លិខិតស្នើសុំការគាំទ្រពីបណ្តាឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តទាំង៣ និងសាខាក្នុងខេត្តទាំង នោះ ដើម្បីចាត់វិធានការរឹតបន្តឹងលើការនាំចូលលួច លាក់របស់ឈ្មួញខិលខូចមួយចំនួន និងទប់ស្កាត់ការនាំ ចូល សត្វជ្រូករស់ សាច់បង្កក កូនមាន់ មាន់សាច់ និងស៊ុតមាន់ ខុសច្បាប់គ្រប់ទម្រង់ ដើម្បីជួយការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក ទប់ស្កាត់ការប៉ះពាល់ទីផ្សារវិស័យចិញ្ចឹមសត្វក្នុងស្រុក ជួយបង្កាបញ្ហាប៉ះពាល់សុខភាពប្រជាពលរដ្ឋកម្ពុជា ទប់ស្កាត់ជម្ងឺសត្វឆ្លងដែន និងធានានូវការប្រកួតប្រជែងប្រកបដោយតម្លាភាព និងសមធម៌។

លោកបានបញ្ជាក់បន្ថែមថា ការនាំចូលខុសច្បាប់ និងជ្រុលហួសហេតុ៖ មានការនាំចូលសត្វជ្រូក សាច់បក្សី និងមាន់ ពីក្រៅប្រទេសតាមច្រករបៀងយ៉ាងច្រើន (ជ្រូកចូលច្រើនជាងតម្រូវការ ក្នុងនោះ ចំពោះសាច់មាន់វិញ ១គីឡូក្រាមលក់បានថោក គឺប្រហែល ១,៨០០ ទៅ ២,២០០ រៀលប៉ុណ្ណោះ) ដែលធ្វើឱ្យកសិករខាតបង់យ៉ាងខ្លាំង។  ជាពិសេសការនាំចូលដោយខុសច្បាប់នេះ បាន បង្ករជាហានិភ័យដល់សុខភាពសាធារណៈ៖ សត្វ និងសាច់ដែលនាំចូលទាំងនោះខ្វះការត្រួតពិនិត្យត្រឹមត្រូវ ដែលបង្កហានិភ័យឆ្លងជំងឺផ្សេងៗដល់អ្នកហូបចុក និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសំណូមពរដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល៖ សូមជួយពង្រឹង និងទប់ស្កាត់ការនាំចូលសត្វខុសច្បាប់តាមច្រកព្រំដែនឱ្យបានតឹងរឹងបំផុត។  ជួយរក្សាស្ថេរភាពតម្លៃទីផ្សារ ដើម្បីការពារផល ប្រយោជន៍ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។

ជំរុញឱ្យមានការចូលរួមសហការកាន់តែខ្លាំងក្លាពីសំណាក់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា៕