ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យមើលដោយផ្ទាល់នូវដំណើរការបើកកំណែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន កម្រិតបឋមសិក្សា

ព្រឹកព្រលឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់នូវដំណើរការបើកប្រអប់កញ្ចប់ និងចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជន នាមណ្ឌលសាលាភូមិន្ទរដ្ឋបាល (ERA) បន្ទាប់ពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ បានបិទបញ្ចប់កាលពីល្ងាចម្សិលមិញ។

ក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានតាមដានយ៉ាងដិតដល់ចំពោះនីតិវិធីបច្ចេកទេស និងភាពម៉ត់ចត់ក្នុងការបើកប្រអប់កញ្ចប់សន្លឹកកិច្ចការរបស់បេក្ខជនសរុប ២០,២៤៩នាក់ ដែលត្រូវបានដឹកជញ្ជូន និងរក្សាទុកយ៉ាងមានសុវត្ថិភាពនៅក្នុងបន្ទប់សម្ងាត់នាពេលមុននេះ។

ដំណើរការដ៏មានសារៈសំខាន់នេះ មានការចូលរួមយ៉ាងសកម្ម និងជិតស្និទ្ធពីតំណាងភាគីពាក់ព័ន្ធ និងក្រុមការងារសង្កេតការណ៍ចម្រុះរួមមាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU), តំណាងក្រសួងសាមី គឺក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,តំណាងមកពីសាកលវិទ្យាល័យនានា, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.), អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចុះឈ្មោះចូលរួមយ៉ាងច្រើនកុះករ ,អ្នកសារព័ត៌មាន មកពីច្រើនស្ថាប័ន និងអង្គភាព ចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ចម្រុះនាព្រឹកនេះ គឺដើម្បីរួមគ្នាធានាឱ្យបានដាច់ខាតនូវគោលការណ៍ «អ្នកចេះគឺជាប់» ព្រមទាំងបន្តលើកកម្ពស់ ភាពយុត្តិធម៌ តម្លាភាព និងលទ្ធផលដែលទទួលយកបានទាំងអស់គ្នា ក្នុងស្មារតីកែទម្រង់ស៊ីជម្រៅ ដើម្បីជ្រើសរើសបានគ្រូបង្រៀនដែលមានសមត្ថភាពពិតប្រាកដ ប្រកបដោយគុណភាពចូលបម្រើក្នុងវិស័យអប់រំជាតិ។