ឯកឧត្តម នេត្រ ភក្ត្រា៖ បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជានិមិត្តសញ្ញាមនុស្សធម៌ដែលត្រូវការពារ និងហាមប្រើប្រាស់ខុសគោលដៅ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មិនមែនជានិមិត្តសញ្ញាពាណិជ្ជកម្ម ឬជានិមិត្តសញ្ញាវេជ្ជសាស្ត្រទូទៅដែលអាចប្រើប្រាស់ដោយសេរីនោះទេ ប៉ុន្តែជានិមិត្តសញ្ញាមនុស្សធម៌ដែលមានតម្លៃផ្នែកច្បាប់ និងទទួលបានការការពារក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់មនុស្សធម៌អន្តរជាតិ។ ដូច្នេះ ការយល់ដឹងពីអត្ថន័យ តម្លៃ និងលក្ខខណ្ឌនៃការប្រើប្រាស់បដិរូបទាំងនេះឱ្យបានត្រឹមត្រូវ គឺជាការទទួលខុសត្រូវរួមរបស់ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន និងសាធារណជន ដើម្បីធានាការគោរពច្បាប់ និងការពារសុវត្ថិភាពដល់ប្រតិបត្តិការមនុស្សធម៌។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ ការប្រើប្រាស់និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ» ជូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញសង្គម និងមន្ត្រីរាជការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតមតិសាធារណៈ។ ទន្ទឹមនឹងឥទ្ធិពលនេះ ការយល់ដឹងអំពីក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិមួយចំនួននៅតែមានកម្រិត ជាពិសេសការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដោយមិនត្រឹមត្រូវ ឬផ្ទុយពីគោលការណ៍ច្បាប់ នៅតាមឱសថស្ថាន គ្លីនិកឯកជន អាជីវកម្ម ពាណិជ្ជកម្ម និងលើបណ្តាញសង្គម។

ឯកឧត្តមបានបញ្ជាក់ថា ការប្រើប្រាស់បដិរូបទាំងនេះដោយខុសគោលដៅ មិនត្រឹមតែបង្កឱ្យមានការយល់ច្រឡំអំពីអត្ថន័យ និងស្ថានភាពផ្លូវច្បាប់របស់និមិត្តសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដល់ការគោរព និងភាពជឿទុកចិត្តលើនិមិត្តសញ្ញាមនុស្សធម៌ ដែលមានតួនាទីសំខាន់ក្នុងការការពារអ្នករងគ្រោះ និងអ្នកផ្តល់ជំនួយមនុស្សធម៌។ ហេតុនេះ ការប្រើប្រាស់បដិរូបត្រូវមានភាពច្បាស់លាស់ និងស្របតាមលក្ខខណ្ឌច្បាប់ ដោយត្រូវយល់ឱ្យបានត្រឹមត្រូវពីការប្រើប្រាស់ក្នុងន័យការពារ និងការប្រើប្រាស់ក្នុងន័យសម្គាល់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា វិស័យព័ត៌មាន និងការងារមនុស្សធម៌មានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការកសាងសង្គមមួយប្រកបដោយសុខដុមរមនា សាមគ្គីភាព និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ អ្នកសារព័ត៌មានមិនត្រឹមតែជាអ្នកកត់ត្រា និងរាយការណ៍ព្រឹត្តិការណ៍សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានដ៏សំខាន់ក្នុងការផ្សព្វផ្សាយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

ក្នុងន័យនេះ ការយល់ដឹងច្បាស់លាស់អំពីច្បាប់មនុស្សធម៌អន្តរជាតិ និងការប្រើប្រាស់បដិរូបឱ្យបានត្រឹមត្រូវ គឺជាផ្នែកមួយនៃការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។ ការផ្សព្វផ្សាយដោយផ្អែកលើព័ត៌មានត្រឹមត្រូវ និងការយល់ដឹងពីបរិបទច្បាប់ នឹងជួយកាត់បន្ថយការយល់ច្រឡំ ការពារកិត្តិយសនៃនិមិត្តសញ្ញាមនុស្សធម៌ និងបង្កើនទំនុកចិត្តរបស់សាធារណជនលើព័ត៌មានដែលពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ ដល់សិក្ខាកាម ដើម្បីពង្រឹងការយល់ដឹង និងការអនុវត្តជាក់ស្តែង រួមមាន៖

ទី១៖ យកចិត្តទុកដាក់ស្វែងយល់ឱ្យបានស៊ីជម្រៅ។ សិក្ខាកាមត្រូវស្តាប់ និងសិក្សាឱ្យបានច្បាស់លាស់អំពីគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងវិសាលភាពនៃច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ។

ទី២៖ លើកកម្ពស់ការប្រើប្រាស់ និងចូលរួមការពារបដិរូបឱ្យបានត្រឹមត្រូវ។ ត្រូវបញ្ឈប់ការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមខុសគោលដៅ ព្រមទាំងចូលរួមកែតម្រូវ និងផ្សព្វផ្សាយចំណេះដឹងបន្តដល់សាធារណជន ដើម្បីធានាថាការប្រើប្រាស់និមិត្តសញ្ញាទាំងនេះស្របតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។

ទី៣៖ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈ។ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាត្រូវពង្រឹងគុណភាពព័ត៌មាន ផ្ទៀងផ្ទាត់ប្រភព និងអង្គហេតុឱ្យបានច្បាស់លាស់ មុនពេលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការងារមនុស្សធម៌ ដើម្បីធានាភាពត្រឹមត្រូវ សុចរិតភាព និងការជឿទុកចិត្តពីសាធារណជន។

ទី៤៖ ប្រើប្រាស់ឥទ្ធិពលឌីជីថលដើម្បីកសាងវប្បធម៌សន្តិភាព។ ត្រូវប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យា និងសមត្ថភាពច្នៃប្រឌិតក្នុងការផលិតមាតិកាដែលជំរុញស្មារតីយោគយល់ អធ្យាស្រ័យ សាមគ្គីភាព និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីរួមចំណែកកសាងសង្គមប្រកបដោយសន្តិភាព និងសុខដុមរមនា។

លោកជំទាវ ពុំ ចន្ទីនី បានជម្រាបជូនថា សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងមន្ត្រីរាជការ អំពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់និងការការពារបដិរូប ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពត្រឹមត្រូវ និងការទទួលខុសត្រូវ ព្រមទាំងរួមគ្នាការពារតម្លៃមនុស្សធម៌ក្នុងសង្គម៕