អាជ្ញាធរនិងមន្ត្រីជំនាញចុះបង្រ្កាបសកម្មភាពល្មើសអូសកូនក្រែងឈាមនៅសមុទ្រកោះខ្យងបានជាង ៥០០គ.ក ខណៈជនសង្ស័យបានរត់គេចខ្លួនបាត់
កូនក្រែងឈាម ប្រមាណជាង៥០០គីឡូក្រាម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះថ្មី និងកម្លាំងប៉ុស្តិ៍អំពូខ្មៅ សហការជាមួយកម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម ចុះបង្ក្រាបបាននៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ តុលា ២០២៦ នៅចំណុចកោះខ្យង ឃុំអូរជ្រៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
អភិបាលក្រុងកំពង់សោម បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានបទល្មើសអូសកូនក្រែងឈាម បានចាត់ឲ្យកម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម ធ្វើការចុះបង្ក្រាបជាក់ស្តែង និងរឹបអូសបានកូនក្រែងឈាមប្រមាណ៥០០ ទៅ៦០០គីឡូក្រាម។
កូនក្រែងតូចៗ ត្រូវគេបង្កប់លើកូនទូក បំណងដឹកចេញពីតំបន់កោះខ្យង នៃទឹកដីខេត្តព្រះសីហនុ។
អភិបាលក្រុងកំពង់សោម លោក នួន ប៊ុនថុល អោយដឹងថា កូនក្រែងឈាមដែលគេអូសបាន ត្រូវបានយកទៅប្រលែងនៅក្នុងដែនសមុទ្រវិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
កូនក្រែងដែលបង្ក្រាបបានខាងលើនេះ គឺជាប្រភេទកូនក្រែងឈាម ដែលច្បាប់ជលផលហាមឃាត់នេសាទជាដាច់ខាតព្រោះវាមានលក្ខណៈតូចពេក គឺចាប់ពីប៉ុនជើងធូប រហូតដល់ប៉ុនចុងចង្កឹះ៕


