ប្រជាជនព័រទុយហ្គាល់រាប់ពាន់នាក់បន្តធ្វើបាតុកម្មទាមទារឱ្យរដ្ឋជួយដោះស្រាយបញ្ហាលំនៅឋានក្នុងតម្លៃសមរម្យ! ខណៈដែលវិបត្តិនេះអូសបន្លាយយូរ និង កើនលើស១៤៧%
ប្រជាជនរាប់ពាន់នាក់បានចេញមកប្រមូលផ្តុំគ្នានៅខាងក្រៅអគាររដ្ឋសភាព័រទុយហ្គាល់ក្នុងទីក្រុងលីស្បូន (Lisbon) ដើម្បីតវ៉ាប្រឆាំងនឹងវិបត្តិលំនៅឋានដែលអូសបន្លាយរយៈពេលដ៏យូរ និងកាន់តែធ្ងន់ធ្ងរឡើងៗ។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីប៉ូលិសបានប្រើដំបង និងសុនខ ដើម្បីបំបែកការតវ៉ាដែលស្រដៀងគ្នានេះកាលពីប៉ុន្មានថ្ងៃមុន នៅតាមទីធ្លាសាធារណៈសំខាន់ៗក្នុងរដ្ឋធានី។ ការតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺធ្វើឡើងតាមគំរូនៃការតវ៉ាដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញកាលពីខែមុន ដែលជាប្រទេសជិតខាង ដោយមានភាពត្អូញត្អែរដូចគ្នាអំពីតម្លៃលំនៅឋានដែលមិនអាចទទួលយកបាន។ ភាពចលាចលក្នុងសង្គមទ្រង់ទ្រាយធំនេះក៏បានផ្ទុះឡើងនៅតាមទីកន្លែងផ្សេងទៀតក្នុងទ្វីបអឺរ៉ុបផងដែរ នារដូវស្លឹកឈើជ្រុះឆ្នាំនេះ។ លោក António José Seguro ប្រធានាធិបតីព័រទុយហ្គាល់ ដែលតួនាទីរបស់លោកភាគច្រើនជាលក្ខណៈពិធីការ ប៉ុន្តែមានឥទ្ធិពលនយោបាយខ្លាំង បានកោះប្រជុំក្រុមប្រឹក្សារដ្ឋ (Council of State) ដែលជាស្ថាប័នផ្តល់ប្រឹក្សាយោបល់ ដើម្បីពិភាក្សាអំពីការតវ៉ានៅក្នុងប្រទេសព័រទុយហ្គាល់នៅសប្តាហ៍ក្រោយ។ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាយុវជនអាយុប្រហែល ២០ ទៅ ៣០ឆ្នាំ បានប្រមូលផ្តុំគ្នានៅខាងក្រៅអគាររដ្ឋសភា ដោយស្រែកពាក្យស្លោក ច្រៀងចម្រៀង និងវាយស្គរ ខណៈដែលនៅខាងក្នុងអគារវិញ សមាជិកសភាបានជជែកដេញដោលគ្នាអំពីផែនការចំណាយរបស់រដ្ឋាភិបាលដែលមាននិន្នាការកណ្តាលស្តាំ (center-right) សម្រាប់ឆ្នាំក្រោយ។ លោក Gabriel Pais អាយុ ៣០ ឆ្នាំ ដែលធ្វើការក្នុងវិស័យកម្សាន្ត បាននិយាយថា៖ យើងមកទីនេះដើម្បីតស៊ូមតិ និងទាមទារសិទ្ធិរបស់យើងក្នុងការមានជម្រកស្នាក់នៅ និងដើម្បីកុំឱ្យប៉ូលិសមកវាយប្រហារយើងទៀត។ លោកបានកត់សម្គាល់ថា អាផាតមិនដែលមានបន្ទប់គេងមួយនៅក្នុងទីក្រុងលីស្បូន ជាធម្មតាមានតម្លៃជួល ១.៥០០ អឺរ៉ូ ស្មើនឹង ១.៦៦៨ ដុល្លារអាម៉េរិកក្នុងមួយខែ ខណៈដែលនៅក្នុងប្រទេសនេះវិញប្រជាជនព័រទុយហ្គាល់រាប់សែននាក់ទទួលបានប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ៩២០ អឺរ៉ូ ស្មើនឹង ១.០២៣ ដុល្លារប៉ុណ្ណោះក្នុងមួយខែ មុនពេលកាត់ពន្ធ។ របាយការណ៍មួយរបស់សហភាពអឺរ៉ុបដែលបានចេញផ្សាយនៅចុងឆ្នាំមុនបានឲ្យដឹងថា៖ តម្លៃលំនៅឋាននៅទូទាំងទ្វីបអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ដោយមានអត្រាកំណើនជាមធ្យម ៦០,៥% នៅចន្លោះឆ្នាំ ២០១៥ និង ២០២៥។ ហើយសម្រាប់ប្រទេសព័រទុយហ្គាល់ អត្រាកំណើនក្នុងរយៈពេលនោះគឺខ្ពស់ជាងគេលំដាប់ទីបីលើពិភពលោក ដោយកើនដល់ ១៤៧% បន្ទាប់ពីប្រទេសហុងគ្រី និងប្រទេសលីទុយអាណានី៕
សម្រួលអត្ថបទ៖ សុផារិន្ទ


