ឯកឧត្តម នេត្រ ភក្ត្រា៖ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ត្រូវគោរពច្បាប់ និងគិតគូរដល់ផលប្រយោជន៍សាធារណៈ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធពង្រឹងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងគិតគូរដល់ផលប្រយោជន៍សាធារណៈ ដើម្បីចូលរួមការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផលិត អ្នកប្រកបអាជីវកម្ម អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋ បន្តគាំទ្រ និងចូលរួមអនុវត្តវិធានការពាក់ព័ន្ធដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ខ្លឹមសារពាណិជ្ជកម្មទាក់ទងនឹងផលិតផលទាំងនេះ មានភាពសមស្រប គោរពតាមបទប្បញ្ញត្តិ និងមិនប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់សង្គម។

យុទ្ធនាការនេះមានគោលបំណងបង្កើនការយល់ដឹង និងជំរុញការចូលរួមដោយស្ម័គ្រចិត្តពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនេះ ក៏ផ្តោតលើការលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះខ្លឹមសារនៃការផ្សព្វផ្សាយ និងការបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវរបស់អ្នកផលិត អ្នកចែកចាយ និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។

ពិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផលិត និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ អ្នកប្រកបអាជីវកម្ម សមាគមពាក់ព័ន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិកា និងអ្នកសារព័ត៌មានជាតិ សរុបប្រមាណ ៥០០នាក់។

តាមរយៈការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ យុទ្ធនាការនេះរំពឹងថានឹងជួយលើកកម្ពស់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ និងបង្កើនការយកចិត្តទុកដាក់ចំពោះការការពារសុខភាពសាធារណៈ។

ក្រសួងព័ត៌មានក៏បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការនានាឱ្យបានខ្ជាប់ខ្ជួន ដោយចាត់ទុកការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវជាកាតព្វកិច្ចរួម ក្នុងការធានាឱ្យការផ្សព្វផ្សាយស្របតាមច្បាប់ និងបម្រើផលប្រយោជន៍សង្គមទាំងមូល៕