សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បញ្ចប់វគ្គបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តសរុប ៤០នាក់

ខេត្តមណ្ឌលគិរី៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលនយោបាយអ្នកស្ម័គ្រចិត្ត និងវិជ្ជាសង្គ្រោះបឋម» ចំនួន ២វគ្គ ជូនដល់អ្នកស្ម័គ្រចិត្តសរុបចំនួន ៤០នាក់ (ស្រី ២៥នាក់) ដែលអញ្ជើញមកពីស្រុកអូររាំង និងក្រុងសែនមនោរម្យ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ គោលបំណងបង្ហាញអំពីប្រវត្តិចលនា បេសកកម្ម និងគោលការណ៍គ្រឹះទាំង ៧ប្រការ របស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ។ ម៉្យាងទៀត បង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ច ដោយបញ្ជ្រាបការយល់ដឹងពី « គោលនយោបាយអ្នកស្ម័គ្រចិត្ត » ដើម្បីឱ្យអ្នកស្ម័គ្រចិត្តនៅតាមមូលដ្ឋានយល់ពីសិទ្ធិ កាតព្វកិច្ច និងរបៀបប្រតិបត្តិការងារមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព វគ្គសង្គ្រោះបឋម បង្កើននូវចំណេះដឹង និងបច្ចេកទេស ជួយសង្គ្រោះបឋម បានទាន់ពេលវេលា ដើម្បីអាចជួយខ្លួនឯង គ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅពេលមានគ្រោះថ្នាក់ចៃដន្យ ឬគ្រោះអាសន្នផ្សេងៗ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។

ជាលទ្ធផលរំពឹងទុក អ្នកស្ម័គ្រចិត្តទាំង ៤០នាក់ នឹងទទួលបាននូវជំនាញជាក់ស្តែង មានទំនុកចិត្តខ្ពស់ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ក៏ដូចជាបង្កើតបានជាបណ្តាញអ្នកស្ម័គ្រចិត្តដ៏រឹងមាំសម្រាប់ឆ្លើយតប និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍រៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាមួយគ្នានេះដែរ អ្នកស្ម័គ្រចិត្តដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិទាំងអស់ ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀននូវចំណេះដឹងដ៏មានសារៈសំខាន់នេះដល់ពួកគាត់៕