ក្រសួងព័ត៌មានបើក«យុទ្ធនាការឆន្ទៈល្អលើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ»
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
យុទ្ធនាការនេះមានគោលបំណងបន្តលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមដោយស្ម័គ្រចិត្តពីក្រុមហ៊ុនផលិត អ្នកចែកចាយ អ្នកប្រកបអាជីវកម្ម អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅធានាឱ្យការផ្សព្វផ្សាយពាណិជ្ជកម្មមានការទទួលខុសត្រូវ គិតគូរដល់ផលប្រយោជន៍សាធារណៈ និងរួមចំណែកការពារ ព្រមទាំងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន យុទ្ធនាការឆន្ទៈល្អលើកទី២នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផលិត និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ អ្នកប្រកបអាជីវកម្ម សមាគមពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម សិល្បករ សិល្បការិនី អ្នកផលិតមាតិកា និងអ្នកសារព័ត៌មានជាតិ សរុបប្រមាណ ៥០០នាក់។
តាមរយៈយុទ្ធនាការនេះ ក្រសួងព័ត៌មាននឹងបន្តជំរុញការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីវិធានការចាំបាច់នានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយផ្តោតលើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ការយកចិត្តទុកដាក់លើខ្លឹមសារនៃការផ្សព្វផ្សាយ និងការបង្កើនការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធក្នុងការផលិត ចែកចាយ និងផ្សព្វផ្សាយខ្លឹមសារពាណិជ្ជកម្ម។
ជាមួយគ្នានេះ យុទ្ធនាការនេះក៏ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការពាក់ព័ន្ធ។
ក្រសួងព័ត៌មានរំពឹងថា យុទ្ធនាការនេះនឹងជួយបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ពង្រឹងការប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ជំរុញការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ។ កិច្ចសហការនេះក៏មានសារៈសំខាន់ក្នុងការជំរុញឱ្យសង្គមកាន់តែយកចិត្តទុកដាក់លើការការពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋផងដែរ។
ក្រសួងព័ត៌មានបានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផលិត អ្នកប្រកបអាជីវកម្ម អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្តវិធានការពាក់ព័ន្ធដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការផ្សព្វផ្សាយពាណិជ្ជកម្ម និងព័ត៌មានពាក់ព័ន្ធនឹងផលិតផលទាំងនេះ ប្រព្រឹត្តទៅស្របតាមច្បាប់ គោរពក្រមសីលធម៌ និងគិតគូរដល់ផលប្រយោជន៍សាធារណៈ។
យុទ្ធនាការឆន្ទៈល្អលើកទី២នេះ រៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយក្រុមហ៊ុន អឹម អេស អេ ម៉ាឃីតធីង សូលូសិន អេស៊ា (MSA) និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) ដោយមានការឧបត្ថម្ភពីក្រុមហ៊ុន ជីប ម៉ុង ហ្វូដ អេន ប៊ែវើរីជីស ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក ក្រុមហ៊ុន ហៃនីគែន (ខេមបូឌា) ឯ.ក ក្រុមហ៊ុន ខេមប្រ៊ូវ (កាសស៊ែរ ខេមបូឌា) និងក្រុមហ៊ុន មេដៃ ជី.ប៊ី អេនធើប្រាយ៕


