ឯកឧត្តម នេត្រ ភក្ត្រា៖ និទ្ទេស A ជាជំហានដំបូង មិនមែនជាគោលដៅចុងក្រោយ យុវជនត្រូវបន្តអភិវឌ្ឍសមត្ថភាព ដើម្បីជោគជ័យក្នុងជីវិត និងការងារ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់ដំបូន្មានដល់សិស្សពូកែនិទ្ទេស A ចំនួន ៣៦ នាក់ មកពីខេត្តក្រចេះ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ដោយមិនត្រូវបញ្ឈប់ការខិតខំត្រឹមសមិទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិនោះទេ ព្រោះនិទ្ទេស A គ្រាន់តែជាជំហានដំបូង មិនមែនជាគោលដៅចុងក្រោយនៃជីវិតឡើយ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សពូកែដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ព្រមទាំងនាយកសាលា និងមាតាបិតា អាណាព្យាបាល នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលដៅសំខាន់របស់យុវជនមិនមែនត្រឹមតែទទួលបានលទ្ធផលសិក្សាល្អនោះទេ ប៉ុន្តែត្រូវបន្តការសិក្សាឱ្យចប់ មានជំនាញច្បាស់លាស់ មានសមត្ថភាពប្រកបការងារ និងអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯង និងគ្រួសារបាន។

ឯកឧត្តមបានលើកឡើងថា ការប្រឡងជាប់និទ្ទេស A គឺជាសមិទ្ធផលដ៏គួរឱ្យមោទនភាព ប៉ុន្តែការរក្សាសមត្ថភាព និងការបន្តរីកចម្រើនត្រូវការការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។ ប្រសិនបើសិស្សដែលទទួលបាននិទ្ទេស A មិនបន្តយកចិត្តទុកដាក់ក្នុងការសិក្សានៅសាកលវិទ្យាល័យទេ នោះសិស្សដែលទទួលបាននិទ្ទេស B, C ឬ D ប៉ុន្តែមានការតស៊ូរៀនសូត្រ និងអភិវឌ្ឍខ្លួនជាប់លាប់ ក៏អាចមានសមត្ថភាពលេចធ្លោជាងបានដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លទ្ធផលប្រឡងជាសញ្ញាបង្ហាញពីសមត្ថភាពនៅដំណាក់កាលមួយ ប៉ុន្តែភាពជោគជ័យក្នុងជីវិតអាស្រ័យលើការខិតខំរៀនសូត្រ ការអភិវឌ្ឍជំនាញ និងការអនុវត្តចំណេះដឹងឱ្យមានប្រយោជន៍ជាក់ស្តែង។ ដូច្នេះ យុវជនត្រូវបន្តរៀនសូត្រពេញមួយជីវិត ពង្រឹងសមត្ថភាពដែលចាំបាច់សម្រាប់ទីផ្សារការងារ និងត្រៀមខ្លួនឱ្យបានល្អសម្រាប់អនាគត។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញថា ការទទួលបាននិទ្ទេស A មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្តីរីករាយរបស់មាតាបិតា ក្រុមគ្រួសារ សាលារៀន និងជាកិត្តិយសសម្រាប់ភូមិ ស្រុក និងខេត្តផងដែរ។ ទោះបីមាតាបិតាមិនបានបង្ហាញអារម្មណ៍របស់ខ្លួនតាមរយៈពាក្យសម្ដីក៏ដោយ ក៏ជោគជ័យរបស់កូនជាក្តីសោមនស្ស និងមោទនភាពដ៏ធំធេងសម្រាប់ពួកគាត់។

ឯកឧត្តមបានលើកឡើងដោយភ្ជាប់នឹងតម្លៃគ្រួសារ និងសង្គមថា ការខិតខំរៀនសូត្រ ការធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ គឺជាការតបស្នងដ៏មានតម្លៃចំពោះមាតាបិតា និងជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។ យុវជនដែលមានចំណេះដឹង មានសមត្ថភាព និងមានទំនួលខុសត្រូវ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ទន្ទឹមនឹងការជំរុញឱ្យយុវជនពង្រឹងចំណេះដឹង ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីតម្លៃសំខាន់ៗដែលមនុស្សគួរមាន រួមមាន សុខភាពល្អ ចំណេះដឹង និងសីលធម៌។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំណេះដឹងត្រូវដើរទន្ទឹមនឹងសីលធម៌ ព្រោះបើមនុស្សមានចំណេះដឹង ប៉ុន្តែខ្វះសីលធម៌ នោះចំណេះដឹងដែលមានអាចមិនត្រូវបានប្រើប្រាស់ក្នុងផ្លូវត្រឹមត្រូវ និងមិនអាចបំពេញតួនាទីជាមនុស្សល្អក្នុងសង្គមបានឡើយ។

សារអប់រំដែលើកឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា ខាងលើនេះ បានបង្ហាញថា ការកសាងយុវជនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព មិនអាចផ្អែកតែលើលទ្ធផលសិក្សា ឬសញ្ញាបត្រនោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងសមត្ថភាពវិជ្ជាជីវៈ សុខភាពល្អ សីលធម៌ និងការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម។

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ឯកឧត្តម ស ចំរ៉ុង ឯកឧត្តម អុឹម ចាន់ថុល តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង ៧ ស្រុក នៃខេត្តក្រចេះ៕