ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ គ.ស.ហ. ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិសំខាន់ៗចំនួន ៣ សម្រាប់តម្រង់ទិសវិស័យឧស្សាហកម្ម និងការងាររយៈពេល ១០ឆ្នាំខាងមុខ

នាព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិភាក្សាលើរបៀបវារៈពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យការងារចំនួន ៣ រួមមាន៖ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥», «សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០២៦-២០៣៥» និង «សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ ២០២៦-២០៣៥»  ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី
ឯកឧត្តម សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។

 

ដូចមានរំលេចក្នុង យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី ១, ទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានផ្ដល់អាទិភាពទៅលើ​ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើបរមភាវូបនីយកម្មផលលាភប្រជាសាស្ត្រ​ គួបផ្សំនឹងនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច បានចង្អុលបង្ហាញឱ្យមានការរៀបចំ «សេចក្តីព្រាងគោលនយោបាយ» ទាំងបីខាងលើ សំដៅធ្វើបច្ចុប្បន្នភាពទៅលើឯកសារគោលនយោបាយដំណាក់កាលមុនដែលបានបញ្ចប់ហើយ ក៏ដូចជាតម្រង់ទិសគោលនយោបាយក្នុង​ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការងារនៅកម្ពុជាសម្រាប់រយៈពេល ១០ឆ្នាំទៅមុខ ។