គណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ សម្រេចឯកភាពលើគម្រោងរោងចក្រផលិតក្តារបន្ទះ របស់ក្រុមហ៊ុន PRIME CAMWOOD CO., LTD

កិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើសុំបង្កើតរោងចក្រផលិតក្តារបន្ទះ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនវិនិយោគ នាថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត (បណ្តោះអាសន្ន)។
ក្រុមហ៊ុន ប្រាយម៍ ខេមវូដ ឯ.ក (PRIME CAMWOOD CO., LTD.) ជាក្រុមហ៊ុនផលិតក្តារបន្ទះ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ៤៤០ អគារ B ផ្លូវលំ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគសរុប ៤.០៩៩.៦០០ ដុល្លារអាមេរិក លើផ្ទៃដីសរុប ២៦៣.៧៣៦ ម៉ែត្រការ៉េ (ទំហំអគារ ២២.៦ញ៩២ ម៉ែត្រការ៉េ)។
យោងតាមរបាយការណ៍របស់អនុគណៈកម្មាធិការវិនិយោគខេត្ត បានជម្រាបជូននូវចំណុចសំខាន់ៗ និងការណែនាំដល់ម្ចាស់រោងចក្រ រួមមាន៖
– ត្រូវគិតគូរអំពីបរិស្ថានទាំងក្នុងនិងក្រៅរោងចក្រ ជាពិសេសការរៀបចំសួនច្បារ ដាំដើមឈើ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។
– ត្រូវចុះបញ្ជី និងភ្ជាប់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនដល់កម្មករ-និយោជិតគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងសុខមាលភាពកម្មករ។
បន្ទាប់ពីបានពិភាក្សាយ៉ាងម៉ត់ចត់រួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានសម្រេចឯកភាពអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតក្តារបន្ទះនេះ និងបានណែនាំបន្ថែមដល់ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារបរិស្ថាន ដោយមិនត្រូវបង្ហូរកាកសំណល់ ឬទឹកកខ្វក់ចូលក្នុងអូរ បឹង ឬព្រែកឡើយ ដើម្បីជៀសវាងការប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញនោះ។

ដើម្បីពន្លឿនដំណើរការនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញត្រូវសហការយ៉ាងជិតស្និត សម្រួលនីតិវិធីច្បាប់ និងរដ្ឋបាលជូនក្រុមហ៊ុនវិនិយោគឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមហ៊ុនអាចចាប់ផ្តើមដំណើរការផលិតកម្មបានឆាប់ៗ ស្របតាមគោលនយោបាយគាំទ្រការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនបន្ថែមទៀត។

អត្ថបទ: មនសូត្រ