ឯកឧត្តម ឈិន កេតនា ជំរុញឱ្យគ្រប់ស្ថាប័នរួមសហការគ្នា ត្រៀមរៀបចំខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នាសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអំពាវនាវ និងជំរុញដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ត្រូវរួមសហការគ្នាដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ក្នុងការត្រៀមលក្ខណៈរៀបចំ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦។
មានប្រសាសន៍ទៅកាន់អង្គប្រជុំ ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់សមាជិក សមាជិកាដែលបានចូលរួមទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការងារចំពោះមុខរបស់គ្រប់ភាគីពាក់ព័ន្ធ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងទទួលបានលទ្ធផលល្អប្រសើរជាទីមោទនៈ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឈិន កេតនា បានប្រគល់ភារកិច្ច និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយឱ្យបានល្អប្រសើរបំផុត នៅគ្រប់ទីតាំងប្រារព្ធពិធី និងតាមដងផ្លូវសាធារណៈ ដើម្បីធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួម។
ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើ ការគ្រប់គ្រង និងការពិនិត្យប័ណ្ណចេញ-ចូល ដោយបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញ និងកងកម្លាំងប្រចាំការនៅតាមច្រកពិនិត្យ និងផ្ទៀងផ្ទាត់ប័ណ្ណចេញ-ចូលឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត ដោយមិនអនុញ្ញាតឱ្យបុគ្គល ឬយានយន្តដែលគ្មានប័ណ្ណផ្លូវការ ឬប្រើប្រាស់ប័ណ្ណខុសប្រភេទ ចូលក្នុងតំបន់ហាមឃាត់ ឬទីតាំងប្រារព្ធពិធីជាដាច់ខាតគោលបំណង ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពកម្រិតអតិបរមាពេញមួយកម្មវិធី។
ឯកឧត្តម ឈិន កេតនា បានរំលឹក និងបញ្ជាក់អំពីកម្មវិធីបុណ្យជាតិថា ពិធីខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណវិមានឯករាជ្យ រាជធានីភ្នំពេញ។ ដោយឡែកកម្មវិធីនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទីរសៀល នឹងគណៈប្រតិភូតាមក្រសួងនិងស្ថាប័នចំនួន៦៤អញ្ជើញពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានព្រះរាជពិធីដ៏អធិកអធមបំផុត គឺព្រះរាជពិធីប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ និងនៅថ្ងៃទី១១ ខែវិច្ឆិកា ត្រូវជាថ្ងៃទី៣ នឹងមានព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ ព្រះរាជពិធីប្រវត្តិសាស្ត្រនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយពិធីក៏មានការអុជកាំជ្រួចរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី៩ និងថ្ងៃទី១១ នៅវេលាម៉ោង១៩:០០នាទី មុខព្រះបរមរាជវាំង ។
ផ្អែកលើការណែនាំ និងការដឹកនាំផ្លាស់ប្តូរយោបល់របស់ឯកឧត្តមប្រធានអង្គប្រជុំ អង្គប្រជុំទាំងមូលបានសម្រេចឯកភាពគ្នាយ៉ាងពេញទំហឹង លើការកំណត់ និងបែងចែកភារកិច្ចជាក់ស្តែង ជូនដល់តាមបណ្តាក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់តាំងអនុវត្តតាមដែនសមត្ថកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាព និងភាពច្បាស់លាស់បំផុត។
ប្រសាសន៍ជំរុញ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាឱកាសនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំទិវាប្រវត្តិសាស្ត្រ ៩ វិច្ឆិកា ឱ្យក្លាយជាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យជ្រាលជ្រៅ ដើម្បីរំលឹកដល់គុណូបការៈនៃការទាមទារឯករាជ្យជូនជាតិមាតុភូមិ និងអបអរសាទរកងយោធពលខេមរភូមិន្ទឱ្យបានសមរម្យ និងកិត្តិយសបំផុត៕


