ក្រោយពីព្យុះកំបុតត្បូងមួយបានបោកបក់នៅក្នុងតំបន់ Four Corners នាំឱ្យមានភ្លៀងធ្លាក់ខ្លាំង បង្ករជាទឹកជំនន់នៅរដ្ឋ Utah សហរដ្ឋអាម៉េរិក
ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅក្នុងតំបន់ Four Corners ភាគនិរតីនៃសហរដ្ឋអាមេរិក ដោយសារកម្រិតទឹកទន្លេកើនឡើងខ្ពស់ ដែលតម្រូវឱ្យមានប្រតិបត្តិការជួយសង្គ្រោះនៅក្នុងតំបន់នោះ។ តំបន់ភាគនិរតីនៃសហរដ្ឋអាមេរិកដែលកំពុងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងពេលនេះ បានរងគ្រោះដោយទឹកជំនន់បន្ថែមទៀត ខណៈដែលក្រុមការងារនៅក្នុងរដ្ឋ New Mexico បានចុះពិនិត្យតំបន់ដែលប្រជាពលរដ្ឋត្រូវបានជម្លៀសចេញ ដើម្បីស្វែងរកសពសត្វ រកខ្សែភ្លើងដែលដាច់ធ្លាក់មកដី និងគ្រោះថ្នាក់ផ្សេងៗទៀត ដែលបន្សល់ទុកដោយទឹកជំនន់ដែលកំពុងស្រកទៅវិញយឺតៗ និងមានព្យុះកំបុតត្បូងកើតឡើងមួយលើកដែរ។ ដោយសារតែនឹងមានភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះបន្ថែមទៀតនៅក្នុងតំបន់នេះ ទីភ្នាក់ងារឧតុនិយមជាតិ (National Weather Service) បានចេញសេចក្តីជូនដំណឹងឱ្យអ្នកស្រុកត្រូវប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមាននៅក្នុង តំបន់ Four Corners ភាគច្រើន ដែលជាចំណុចប្រសព្វនៃរដ្ឋ Arizona, Colorado, New Mexico និង Utah។ តំបន់នេះបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាចាប់តាំងពីថ្ងៃពុធមក បណ្តាលឱ្យទឹកទន្លេជន់ឡើងខ្ពស់ ពន្លិចផ្ទះសម្បែងអ្នកស្រុក និងតម្រូវឱ្យមានការងារជួយសង្គ្រោះប្រជាពលរដ្ឋចេញពីទឹកជាចាំបាច់។ លោក Scott Overpeck អ្នកជំនាញឧតុនិយមប្រចាំការិយាល័យនៅទីក្រុង Albuquerque បានឱ្យដឹងថា ព្យុះកំបុតត្បូងមួយក៏បានកើតឡើងនៅក្នុងទីក្រុង Santa Fe រដ្ឋ New Mexico នៅវេលាម៉ោងប្រហែល ៧ យប់ចុងសប្តាហ៍នេះដែរ ហើយក្រុមអ្នកព្យាករណ៍កំពុងព្យាយាមបញ្ជាក់ថាតើមានព្យុះកំបុតត្បូងផ្សេងទៀតអាចកើតឡើងនៅកន្លែងផ្សេងក្នុងរដ្ឋនេះដែរឬទេ? ទោះជាយ៉ាងណាក៏ដោយ លោកមិនទាន់អាចប៉ាន់ប្រមាណអំពីទំហំនៃការខូចខាតនៅឡើយបានទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


