ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ មហាជនខេត្តកំពង់ចាម ចាប់អារម្មណ៍ខ្លាំងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ខេត្តកំពង់ចាម ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំសហការីចុះសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម រៀបចំការផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរស័ព្ទដៃ NoDrug នៅក្នុងពិធីអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តកំពង់ចាមពីថ្ងៃ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានថ្លែងសាទរនូវសកម្មភាព ផុលផុសរបស់ក្រុមការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក៏ដូចជា App NoDrug  ដល់មហាជន។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវការថ្លែងអំណរគុណ កោតសរសើរដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម ដែលបានផ្តល់កិច្ចសហការយ៉ាងល្អលើ ការងារផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរសព្ទដៃ NoDrug ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនចូលទស្សនាស្វែងយល់យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៍ថា ការចូលរួមពីមហាជនចូលរួមស្វែងយល់ ទទួលយកឯកសារចំណេះដឹង និងទាញយកកម្មវិធីNoDrug ពីមហាជននៅខេត្តកំពង់ចាមបញ្ជាក់ថាពួកគាត់មានការចាប់អារម្មណ៍ ពីសារៈសំខាន់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសលើការងារផ្សព្វផ្សាយអប់រំដើម្បីទទួលបានព័ត៌មានពិតចំណេះដឹង ទៅផ្សព្វផ្សាយដល់ក្រុមគ្រួសារ  និងមនុស្សជាទីស្រឡាញ់ របស់ពួកគាត់កុំឲ្យទៅពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន “គ្រួសារខ្ញុំ គ្រួសារអ្នក មិនពាក់ព័ន្ធនឹងគ្រឿងញៀនសហគមន៍របស់យើងនិងគ្មានគ្រឿងញៀន“។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រជាវត្ថុអនុស្សាវរីយ៍មាន ៖ ឆ័ត្រ មួក សៀវភៅ អាវយឺត បន្តោងសោ ផ្លិត ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ។ល។ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC  ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន  ក្រុមហ៊ុនទេសចរណ៍ឆាយភល និងធូរវើលត្រាវែល។