ក្រៅពីការគយគន់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល អមជាមួយឆ្នេរខ្សាច់ដ៏សក្បុស ទឹកសមុទ្រខៀវស្រងាត់ នៅក្រុងកោះរ៉ុង នៅពេលថ្ងៃ ប្រសិនបើអ្នកកំពុងស្វែងរកទីកន្លែងកំសាន្ត លំហែរកាយនៅពេលយប់ ក្រុងកោះរ៉ុង ក៏ជាគោលដៅទីមួយដែលមិនគួរំលងផងដែរ។
នៅពេលរាត្រីមកដល់ ឆ្នេរខ្សាច់សក្បុសរបស់កោះរ៉ុងត្រូវបានបំភ្លឺឡើងដោយ ពន្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាត បង្កើតបានជាបរិយាកាសដ៏រស់រវើក និងរ៉ូមែនទិក។
អ្វីដែលរឹតតែពិសេស និងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកជួបជុំគ្នា គឺ ការទទួលទានអាហារពេលល្ងាចលើឆ្នេរខ្សាច់ ភ្លក់ រសជាតិអាហារសមុស្រស់ៗ និងមុខម្ហូបឆ្ងាញ់ៗ អមដោយខ្យល់សមុទ្របក់ត្រសៀកៗ។ ការសម្តែងបង្វិលភ្លើង (Fire Show) ដែលជាទស្សនីយភាពសិល្បៈបង្វិលភ្លើងដ៏រស់រវើក បង្ហាញពីភាពប៉ិនប្រសប់ និងរំលេចពន្លឺភ្លើងយ៉ាងឆើតឆាយកណ្តាលអាកាស បង្កើតបានជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ទន្ទឹមនឹងនេះ លោកអ្នកក៏អាចទទួលបានបរិយាកាសសប្បាយរីករាយ ជាមួយការជួបជុំគ្នានៅតាមហាងនានា រឺ Pub ជាប់មាត់សមុទ្រ អង្គុយលេង ទទួលទានភេស្ជជៈ ស្តាប់តន្ត្រី និងកម្សាន្តពេលរាត្រី ព្រមទាំងការថតរូបទុកជាអនុស្សាវរីយ៍នៅក្បែរអក្សរ “KOH RONG CAMBODIA” រាងបេះដូងដ៏ល្បីល្បាញ។
មកកំសាន្តនៅកោះរ៉ុង លោកអ្នកមិនត្រឹមតែបានសម្រាកកាយជាមួយធម្មជាតិ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធនសប្បាយ រីករាយនៅពេលរាត្រីថែមទៀតផង។
អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ Koh Rong Island-កោះរ៉ុង


