ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញទទួលដំណើរនិវត្តន៍ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ឮខណៈកីឡាករ វ៉ាន វ៉ុន បំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ២០ឆ្នាំ ក្នុងអាស៊ីប៉ារ៉ាហ្គេម
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញទទួលស្វាគម៍យ៉ាងកក់ក្តៅដំណើរ និវត្តន៍របស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីពិការកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខណៈកីឡាករអត្តពលកម្ម វ៉ាន វ៉ុន ដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿង ជាការបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រជូនជាតិ ក្នុងរយៈពេល៥លើកស្មើនឹង ២០ឆ្នាំនៅក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសទីក្រុងណាកូយ៉ា ប្រទេសជប៉ុន។
ក្នុងដំណើរនិវត្តន៍នេះក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននិងកីឡា ព្រមទាំងមន្ត្រី និងមន្តីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីតស៊ូ លះបង់ របស់បងប្អូន អត្តពលិកប៉ារ៉ាឡាំពិកទាំងអស់ ដែលបានបង្កើតស្នាដៃ និងកំណត់ថ្មីគួរជាទីមោទនៈជូនជាតិ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ចំពោះ កីឡាករ វ៉ាន វ៉ុន ដែលបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមបាន មេដាយសំរឹទ្ធ ជូនជាតិមាតុភូមិ ក្នុងវិញ្ញាសា ប្រណាំងរទេះ (T54) ១០០ ម៉ែត្រ បុរស ដោយប្រើថិរវេលា ១៤.៩០ វិនាទី។ នេះជាមោទនភាពថ្មីមួយថែមទៀតសម្រាប់កីឡាប៉ារ៉ាឡាំពិកកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានគូសបញ្ជាក់ថា ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាពិតជាមានកិត្តិយស និងកក់ក្តៅបំផុត ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមកទទួលដំណើរនិវត្តន៍របស់ប្រតិភូកីឡាយើងនៅអកាសយានដ្ឋានតេជោដោយផ្ទាល់ ដែលជាការយកចិត្តទុកដាក់ខ្ពស់ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ នេះជាការផ្តល់តម្លៃដល់បងប្អូនជនពិការកម្ពុជាយើង។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា តាមរយៈការដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងរបស់កីឡាករ វ៉ាន វ៉ុន នាពេលនេះ គឺជាកិត្តិយសដ៏ធំធេង ដែលរកបានមេដាយដំបូងគេ ក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ ប្រតិភូកីឡាកម្ពុជាមានចំនួនសរុប ៣១នាក់ ក្នុងនោះមានកីឡាករ កីឡាការិនី ១៧នាក់ចូលរួមប្រកួតលើ៥ប្រភេទកីឡា ហើយឈ្នះមេដាយសំរឹទ្ធ១គ្រឿងលើប្រភេទកីឡាអត្តពលកម្ម ដោយកីឡាករ វ៉ាន វ៉ុន លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្របុរស T54។ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកម្ពុជា ក្នុងបេសកកម្មប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន លើកនេះ ចាប់ពីថ្ងៃប្រកួតដំបូង រហូតដល់បញ្ចប់ការប្រកួត។
ឯកឧត្តម យី វាសនា បានសង្កត់ធ្ងន់ថា៖ ការប្រកួតអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៦នេះ គឺមាន៤៥ប្រទេសចូលរួមពេញលេញមកពីក្នុងទ្វីបអាស៊ីតែម្តង ដែលមិនធ្លាប់មានទេ។ ចិនជាប្រទេសដណ្តើមបានមេដាយច្រើនជាងគេ និងឈរនៅលេខ១ ដោយឈ្នះមេដាយមាសចំនួន ២០៤គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន ឈរលេខ២ ឈ្នះមេដាយមាស ៦៣គ្រឿង។ អ្វីជាការកត់សម្គាល់ជាលើកដំបូង គឺប្រទេសចំនួន២ ដែលក្នុងពិធីបិទជាផ្លូវការ ប្រធានប៉ារ៉ាឡាំពិកអាស៊ីបានប្រកាសថា ប្រទេសតាជីគីស្ថាន និងប្រទេសកម្ពុជាកំពុងបោះជំហានក្នុងប្រជែងបានមេដាយជាបន្តបន្ទាប់ ក្នុងអាស៊ី។ អ្វីដែលពិសេស គឺក្រុមប្រឹក្សា និងប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីបានប្រកាសជាផ្លូវការនៃការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៦ នាឆ្នាំ២០២៩របស់ប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម យី វាសនា គូសបញ្ជាក់បន្ថែមថា ចំពោះការបំបែកកំណត់ត្រារបស់កម្ពុជា ដោយកីឡាករ វ៉ាន វ៉ុន ដែលដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿង ហើយក៏ជាមេដាយទី១របស់កម្ពុជាផងដែរ ក្នុងចំណោមអាស៊ីប៉ារ៉ាហ្គេម ចំនួន៥លើក ស្មើនឹងរយៈពេល ២០ឆ្នាំ៕


