រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យលើការរៀបចំសាងសង់ផែជលផលរបស់គម្រោងអភិវឌ្ឍន៍ (ADB) នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំសាងសង់ផែជលផលរបស់គម្រោងអភិវឌ្ឍន៍(ADB)នៅ ដ្ថិតនៅភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងនៅសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ត្រីរាជការ ព្រមទាំងមន្ត្រីនៃអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាព និងផែនការសកម្មភាពនានា។

គម្រោងនេះ ផ្តោតការយកចិត្តទុកដាក់លើការការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈការពង្រឹងលក្ខណៈបច្ចេកទេសនៃសំណង់ផលផលសមុទ្រ និងតំបន់ឆ្នេរ ដើម្បីធានាថាការអភិវឌ្ឍមិនប៉ះពាល់ដល់អេកូឡូស៊ីសមុទ្រនិងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរដែលធន់ និងបត់បែនទៅតាមការ ប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញ និងអភិវឌ្ឍវិស័យវារីវប្បកម្មសមុទ្រប្រកបដោយចីរភាព ដើម្បីធានាបាននូវជីវភាពរស់នៅល្អប្រសើរជូនប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ គម្រោងនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល តាមរយៈការកសាងប្រព័ន្ធការពារ និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ដែលស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន។

អត្ថបទ ៖ ស្រីមុំ
រូបភាព ៖ ភារុណ