កម្ពុជា-អូស្រ្តាលី អបអរសាទរខួបលើកទី១ នៃមជ្ឈមណ្ឌល ACE-C និងប្រគល់វិញ្ញាបនបត្រដល់សិស្ស​និងគ្រូបណ្តុះបណ្តាល ជំនាន់ទី១

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូ​ស្រ្តាលីប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍គម្រប់ ១ឆ្នាំនៃការចាប់ផ្តើមដំណើរការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (អេស ខេមបូឌា- ACE-C) និងពិធីប្រគល់វិញ្ញាបនបត្រនៃកម្មវិធីអភិវឌ្ឍគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិស្សជំនាន់ទី ១នៃកម្មវិធីត្រៀមខ្លួនចូលបម្រើការងារ” នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតអូ​ស្រ្តាលី គ្រឹះស្ថានអប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិ​ស្សានុសិស្ស និងអាណាព្យាបាល សរុបជិត ៩០០នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរ មជ្ឈមណ្ឌល ACE-C, សិស្សទទួលវិញ្ញាបនបត្រទាំង ៨១នាក់ និងគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈ ១៦រូប ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Derek Yip ចំពោះវត្តមានអញ្ជើញចូលរួម ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំ និងស៊ីជម្រៅនៃភាពជាដៃគូទ្វេ​ភាគីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ តាមរយៈស្ថានទូតអូស្ត្រាលី វិទ្យាស្ថាន Bendigo Kangan Institute (BKI) និងក្រុមហ៊ុន RMA Cambodia ប្រទេសអូស្ត្រាលី បានចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងដំ​ណើរការកសាងគ្រឹះស្ថានសេដ្ឋកិច្ច អប់រំ និងសង្គម ជាពិសេសក្នុងវិស័យ TVET ដែលឆ្លុះបញ្ចាំងពីការអនុវត្តការងារប្រ​កបដោយវិជ្ជាជីវៈខ្ពស់ និងប្រ​កាន់ខ្ជាប់ស្តង់ដាឧត្តមភាពអន្តរជាតិ ស្របតាមបំណងប្រាថ្នារបស់កម្ពុជាក្នុងការអភិ​វឌ្ឍជាតិ។

តាមរយៈមជ្ឈ​មណ្ឌលនេះ ភាគីទាំងពីរបានរួមគ្នាក្នុងដំណាក់កាលដែលខ្សែច្រវាក់ផ្គត់ផ្គង់សកលកំពុងឆ្លងកាត់ការផ្លាស់ប្តូរ ដែលជំរុញដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃស្វ័យប្រវត្តិកម្ម ការធ្វើសមាហរណកម្មប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាបៃតង។ ការណ៍នេះ ធ្វើឱ្យវិស័យយានយន្ត និងឧស្សាហកម្មផលិតកម្មទំនើបនៅកម្ពុជាពង្រីកខ្លួន ដោយផ្លាស់ប្តូរពីការដំឡើងគ្រឿងបង្គុំជាមូលដ្ឋាន ឆ្ពោះទៅរកការផលិតតាមបច្ចេកវិទ្យាខ្ពស់ ប្រព័ន្ធយានយន្តអគ្គិសនី និងបច្ចេកវិទ្យាចល័តឆ្លាតវៃ។ ឯកឧត្តមបានលើកឡើងថា មជ្ឈមណ្ឌល ACE-C ជាគ្រឹះស្ថានគំរូឈានមុខគេ និងជានិមិត្តរូបនៃឧត្តមភាព ដែលកំណត់ស្តង់ដាថ្មីសម្រាប់វិស័យ TVET នៅកម្ពុជា លើកកម្ពស់ស្តង់ដាបណ្តុះបណ្តាល ពន្លឿនការត្រៀមខ្លួនសិស្សក្នុងការចូលបម្រើការងារក្នុងឧស្សាហកម្ម និងធ្វើឱ្យគំរូ “រៀនផង ធ្វើការងារផង” ក្លាយជាការអនុវត្តជាប្រព័ន្ធ ដោយយកគំរូតាមប្រព័ន្ធអប់រំមានមុខងារពីរ និងកម្មសិក្សាដ៏ល្បីល្បាញរបស់អូស្ត្រាលី។

ឯកឧត្តមមានប្រសាសន៍ថា ការបញ្ចប់ការសិក្សារបស់ប្អូនៗនេះ កើតចេញពីកិច្ចខិតខំសិក្សាជំនាញបច្ចេកទេសយ៉ាងហ្មត់ចត់ រហូតទទួលបានវិញ្ញាបនបត្រដែលឆ្លុះបញ្ចាំងពីសមត្ថភាពវិជ្ជាជីវៈ ផ្តល់ឱកាសការងារល្អប្រសើរ លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍជាតិ។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្អូនៗប្រកាន់ខ្ជាប់នូវគោលការណ៍ ការសិក្សាពេញមួយជីវិត ដើ​ម្បីឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា, គោលការណ៍សុវត្ថិភាព និងសុចរិតភាពវិជ្ជាជីវៈ ព្រមទាំងមានមោទនភាពចំពោះ TVET ដែលជាមូលដ្ឋានគ្រឹះនៃអាជីពប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស និងជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចទំនើប។ ឯកឧត្តមក៏បានបង្ហាញពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងប្រព័ន្ធ TVET ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងចំពោះអ​នាគត ACE-C ដោយមានចក្ខុវិស័យពង្រីកវិសាលភាព និងសក្តានុពលឱ្យកាន់តែធំទូលាយ តាមរយៈការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលឯកទេសលើវិស័យយានយន្តអគ្គិសនី ជំរុញនវានុវត្តន៍ក្នុងវិស័យដឹកជញ្ជូនបៃតង ព្រមទាំងអភិ​វឌ្ឍ ACE-C ឱ្យក្លាយជាមជ្ឈ​មណ្ឌលឧត្តមភាពបច្ចេកទេសដ៏ពិតប្រាកដមួយនៅក្នុងតំបន់។

ជាមួយនឹងការលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូកម្ពុជា-អូស្ត្រាលី ឯកឧត្តម Derek Yip  ចាត់ទុកការប្រារព្ធនេះ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការអភិវឌ្ឍវិស័យ TVET ជាពិសេសសម្រាប់យុវជនក្នុងការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្មនាពេលអនាគត តាមរយៈកិច្ចសហការរវាងក្រសួង, BKI និងក្រុមហ៊ុន RMA។ ឯកឧត្តមបានបង្ហាញមោទនភាពចំពោះការចូលរួមរបស់អូស្រ្តាលីក្នុងដំណើរការអភិវឌ្ឍជំនាញនៅកម្ពុជា និងគូសបញ្ជាក់ពីការបន្តគាំទ្រការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ការអប់រំ និងបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ព្រមទាំងពង្រីកកិច្ចសហប្រ​តិបត្តិការរវាងគ្រឹះស្ថានអប់រំអូស្ត្រាលី និងកម្ពុជា ដើម្បីនាំយកការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិមកកម្ពុជា៕