រដ្ឋមន្រ្តីសុខាភិបាល៖ «យើងនឹងបន្តខិតខំឆ្ពោះទៅមុខស្របតាមចក្ខុវិស័យសុខាភិបាលរយៈពេលវែង សម្រាប់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដោយការធ្វើទំនើបកម្មសុខាភិបាលឱ្យបានកាន់តែជឿនលឿន ឆ្លើយតបបានតម្រូវការ និងតាមការវិវត្តន៍សកលនៃវិទ្យាសាស្ត្រ។»

រាជធានីភ្នំពេញ៖  ថ្លែងបញ្ជាក់បន្ថែមទៀតនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសនូវចំណុចគន្លឹះ « ១) ជាយុទ្ធសាស្រ្ត៖ យើងត្រូវបញ្ជូលវិស័យសុខាភិបាលឱ្យជាទំនើបកម្មឱ្យបាននៅ ២៥ឆ្នាំខាងមុខ ២) បច្ចេកទេសឱ្យកាន់តែស៊ីជម្រៅ ៣) វិធីសាស្រ្តនៃការស្រាវជ្រាវ​ រួមមាន ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពការងារ ការស្វែងរកប្រភពធនធាន ការពង្រឹងការបណ្តុះបណ្តាល ការធ្វើទំនើបកម្មនិងនវានុវត្តន៍ និងការសន្និដ្ឋានជាមួយចក្ខុវិស័យសុខាភិបាលសម្រាប់សុខុមាលភាពប្រជាជនកម្ពុជានាពេលខាងមុខ»។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ពីគោលនយោបាយ និងយុទ្ធសាស្រ្ត ឱ្យមានជំហររឹងមាំ ព្រមទាំងគោលដៅ និងចក្ខុវិស័យទៅមុខឱ្យបានច្បាស់លាស់។ ក្នុងស្ថានភាពនូវលទ្ធផលឆ្លើយតបបញ្ហាប្រឈម យើងត្រូវមានមធ្យោបាយ និងស្ថិតនៅចំពោះមុខបញ្ហាប្រឈម ដោយត្រូវ «ប្រែក្លាយជាបញ្ហាប្រឈម ឱ្យក្លាយជាឱកាស និងមានលក្ខខណ្ឌសមស្រប» ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
ការគូសបញ្ជាក់ខាងលើរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្ដីការក្រសួង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្នុងខណៈពេលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែតុលា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។