កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុកើនឡើង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងប្រទេសអូស្ត្រាលី នៅថ្ងៃនេះបានបើកសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦ ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ ៣៥០រូបចូលរួម។

កម្មវិធីរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក” ដើម្បីផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង តាំងបង្ហាញបច្ចេកវិទ្យានវានុវត្តន៍ក្នុងវិស័យទឹកស្អាត ពង្រឹងភាពជាដៃគូ និងស្វែករកដំណោះស្រាយជាក់ស្តែង ក្នុងការលើកកម្ពស់សន្តិសុខទឹក ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងពង្រីកការផ្តល់សេវាទឹកស្អាតដែលធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា។

សន្និសីទនេះប្រព្រឹត្តិទៅ ខណៈដែលប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងសម្ពាធប្រភពទឹក។ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យ ដែលពាក់ព័ន្ធនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងការផ្លាស់ប្តូររបបទឹកភ្លៀង។ ហានិភ័យទាំងនេះកើនឡើងស្របពេលនឹងកំណើននៃតម្រូវការសេវាទឹកស្អាត ដែលដាក់សម្ពាធបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមានស្រាប់។

ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងកំពុងបន្តឆ្ពោះទៅសម្រេចគោលដៅផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនគ្រប់រូបត្រឹមឆ្នាំ២០៣០។ ទោះជាយ៉ាងណា ការផ្តល់សេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត តម្លៃសមរម្យ និងនិរន្តរភាព ដល់សហគមន៍នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល នៅតែជាបញ្ហាប្រឈម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការទទួលបានទឹកស្អាត និងមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ។ ខណៈដែលកម្ពុជាកំពុងប្រឈមនឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ រួមមានគ្រោះរាំងស្ងួត និងទឹកជំនន់ ការបន្តជំរុញនវានុវត្តន៍ និងភាពជាដៃគូរឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់កាន់តែខ្លាំង ដើម្បីធានាការផ្គត់ផ្គង់សេវាទឹកស្អាតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។”

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ “អូស្ត្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយប្រទេសកម្ពុជា លើវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត។តាមរយៈភាពជាដៃគូអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងវិស័យទឹកស្អាត អូស្ត្រាលី បានជួយឱ្យប្រជាជនកម្ពុជា ចំនួន ១,៣លាននាក់ ទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់។ ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុ និងតម្រូវការទឹកបន្តកើនឡើង អូស្ត្រាលីនឹងបន្តគាំទ្របច្ចេកវិទ្យានវានុវត្តន៍ និងយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដែលអាចជួយប្រតិបត្តិករផ្គត់ផ្គង់សេវាទឹកស្អាតចាំបាច់ទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស។”

ការគាំទ្ររបស់អូស្ត្រាលីបានជួយឱ្យប្រតិបត្តិករឯកជនពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ទៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ហើយកំពុងបន្តពង្រឹងសមត្ថភាពវិស័យ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា៖ “ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីការចែករំលែកបទពិសោធន៍ សន្និសីទនេះក៏ផ្តល់ជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការតាំងបង្ហាញ សិក្សា និងចាប់យកបច្ចេកវិទ្យាថ្មីៗ ពង្រឹងភាពជាដៃគូ និងកំណត់ដំណោះស្រាយជាក់ស្តែង ដែលអាចជួយពង្រីកសេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត និងតម្លៃសមរម្យនៅទូទាំងប្រទេស។”

សន្និសីទនេះរួមមានបទបង្ហាញបច្ចេកទេស និងកិច្ចពិភាក្សា ស្តីពីបច្ចេកវិទ្យាទឹកស្អាតឆ្លាតវៃ ថាមពលស្អាត និងសេវាផ្គត់ផ្គង់ទឹកស្អាតដែលមិនមានការបំភាយឧស្ម័ន ភាពធន់នឹងអាកាសធាតុនិងសន្តិសុខទឹក ការគ្រប់គ្រងនិងហិរញ្ញប្បទានសេវាទឹកស្អាតប្រកបដោយនិរន្តរភាព ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយក្នុងវិស័យទឹកស្អាតរបស់កម្ពុជា។

នេះជាលើកដំបូង ដែលសន្និសីទរួមបញ្ចូលវេទិកាផ្គូផ្គងអាជីវកម្ម ដែលអនុញ្ញាតឱ្យប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ អ្នកផ្តល់សេវាគាំទ្រនានា និងដៃគូអភិវឌ្ឍន៍ ស្វែងរកភាពជាដៃគូ ឱកាសវិនិយោគ និងដំណោះស្រាយអាជីវកម្ម ដើម្បីពង្រឹងវិស័យទឹកស្អាតបន្ថែមទៀត។ ពិព័រណ៍ទឹកស្អាតក៏បាននាំយកផលិតផល សេវាកម្ម និងបច្ចេកវិទ្យានវានុវត្តន៍ពីស្ថាប័នក្នុងស្រុក និងអន្តរជាតិ ដែលកំពុងធ្វើការលើការគ្រប់គ្រងទឹកស្អាត ប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់សេវា៕