ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យទីតាំងរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ស្ថិតនៅក្នុងបរិវេណបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិនៃកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងប្រធានគណៈកម្មការចំពោះកិច្ចរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ។

គួរបញ្ជាក់ដែរថា ទីស្តីការគណៈរដ្ឋមន្រ្តីគ្រោងនឹងរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមមូលបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅរកការលើកកម្ពស់អត្តសញ្ញាណជាតិ (Shared Memory, Stronger Identity! Mémoire partagée, identité renforcée!)» នៅដើមខែវិច្ឆិកាខាងមុខនេះ ហើយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍នេះ។ កម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក៏ជាព្រឹត្តិការណ៍អមមួយ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦នេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីនៃបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិនៃកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីបណ្ណសារដ្ឋានជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ ប្រកបដោយស្មារតីនិងឆន្ទៈលះបង់ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការថែរក្សា និងការជួសជុលឡើងវិញនូវបណ្ណសារចាស់ៗ ដែលខ្លះមានលក្ខណៈពុកផុយ តែមានតម្លៃខាងប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន៕