ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា អញ្ជើញជាអធិបតីបើកសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ សុខភាពថ្លើម និង ទស្សនវិស័យពហុជំនាញក្នុងជំងឺប្រដាប់រំលាយអាហារ

សន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ សុខភាពថ្លើម និងទស្សន វិស័យពហុជំនាញក្នុងជំងឺប្រដាប់រំលាយអាហារ បានប្រារព្វបើកនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល។

តាមសន្ទរកថាស្វាគមន៍របស់លោកសាស្ត្រាចារ្យ ឱម សិរីវិជិត ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយ អាហារ បានជម្រាបជូនថា ការជួបជុំគ្នានាថ្ងៃនេះ មិនត្រឹមតែជាការរៀបចំសន្និបាតវិទ្យាសាស្ត្រលើកទី ២១ ប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការប្រារព្ធ និងរំលឹកឡើងវិញនូវ ដំណើរការសាមគ្គីភាពក្នុងភាពសប្បុរសធម៌ និងការចែករំលែកបច្ចេកវិទ្យា វេជ្ជសាស្ត្ររយៈកាល ២០ឆ្នាំកន្លងមក។ រយៈពេល ២ ទសវត្សរ៍នេះគឺជាដំណើរការនៃការធ្វើទំនើបភាវូបនីយកម្មបណ្តាញបញ្ញាវ័ន្តវេជ្ជសាស្ត្រខ្មែរ ដើម្បីឱ្យទាន់និងទំនោរវិវត្តនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រអន្តរជាតិ។ ជាការពិតណាស់ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ សមាគមយើងបានឆ្លងកាត់នូវការប្រឈម និងភាពលំបាកលំបិនជាច្រើន ប៉ុន្តែដោយស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ សមាគមបានដោះស្រាយបញ្ហាប្រឈមទាំង នោះជាបណ្តើរៗរហូតសម្រេចបាននូវការរីកចម្រើនដូចបច្ចុប្បន្ន។

លោកសាស្រ្តាចារ្យ បានលើកឡើងថា សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលពុំមានមូលនិធិណាមួយគាំទ្រ ឬឧបត្ថម្ភរឹងមាំនោះទេ។ ការឈរជើង និងការរស់រានមានជីវិតរបស់សមាគម គឺស្ថិតនៅលើការឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករវាងសហភាតរៈ សមាជិក សមាជិកា និងការជ្រោមជ្រែងពីបណ្តាក្រុមហ៊ុនដៃគូសហការនាពេលកន្លងមក ក្នុងកិច្ចការងារសប្បុរស សមាជិកសមាជិការបស់សមាគមមានមោទនភាព និងពេញចិត្តយ៉ាងខ្លាំងក្នុងការបន្តភារកិច្ច ជួយកសាង និងអភិវឌ្ឍវិស័យសុខាភិបាលនៃប្រទេសជាតិយើង។

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាគម គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា និងគណៈកម្មការរៀបចំសន្និបាត ទាំងអស់ ដែលបានរួមកម្លាំងសាមគ្គី និងប្រឹងប្រែងយ៉ាងសកម្មក្នុងការរៀបចំសន្និបាតវិទ្យាសាស្ត្រដ៏មានសារៈសំខាន់នេះឡើង។ សន្និបាតនេះមិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់ការចែករំលែកនូវសមិទ្ធផលស្រាវជ្រាវ បច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ និងការអនុវត្តល្អៗ ដែលអាចរួមចំណែកដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរ។

ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ សមាគមគ្រូពេទ្យកម្ពុជាផ្នែក ប្រដាប់រំលាយ អាហារ បានដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងលើក កម្ពស់វិស័យឯកទេសក្រពះ ពោះវៀន ថ្លើម និងជំងឺរន្ធបាតនៅកម្ពុជា។ ទោះបីជាកន្លងមក សមាគមបានជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក៏ដោយ ក៏សមាគម នៅតែបន្តបំពេញបេសកកម្មរបស់ខ្លួនដោយភាពប្តេជ្ញាចិត្ត និងទទួលបានសមិទ្ធផលជាបន្តបន្ទាប់។ សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃស្មារតីសាមគ្គីភាព ការលះបង់ ការទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិក សមាជិកា ព្រមទាំងការគាំទ្រពីដៃគូស ហការជាតិ និងអន្តរជាតិ។

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានបញ្ជាក់ថា វិស័យឯកទេសប្រដាប់រំលាយអាហារ គឺជាផ្នែកមួយដ៏មានសារៈ សំខាន់ក្នុងការការពារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ ជំងឺដែលពាក់ព័ន្ធនឹងក្រពះ ពោះវៀន ថ្លើម លំពែង ផ្លូវទឹក ប្រមាត់ និងរន្ធបាត អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សមត្ថភាពការងារ ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ 

ក្នុងបរិបទនៃការផ្លាស់ប្ដូររបៀបរស់នៅ ទម្លាប់នៃការបរិភោគអាហារ និងការកើនឡើងនៃកត្តាហានិភ័យសុខភាពមួយចំនួន ការយកចិត្តទុកដាក់លើការបង្ការជំងឺ ការរកឃើញជំងឺ នៅដំណាក់កាលដំបូង ការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងការផ្តល់ការព្យាបាល ប្រកបដោយប្រសិទ្ធភាព កាន់តែមានសារៈ សំខាន់ជាងពេលណាៗទាំងអស់។

ក្នុងចំណោមបញ្ហាសុខភាពទាំងនេះ ជំងឺថ្លើមរ៉ាំរ៉ៃ ជំងឺថ្លើមដែលពាក់ព័ន្ធនឹងបញ្ហាមេតាបូលីស ជំងឺក្រិនថ្លើម និងមហារីកថ្លើម គឺជាបញ្ហាដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពីអ្នកជំនាញសុខាភិបាល ស្ថាប័នពាក់ព័ន្ធ និងសង្គមទាំងមូល។

នៅក្នុងពិធីឯកឧត្តមសាស្ត្រាចារ្យ បានលើកទឹកចិត្តដល់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរបទពិសោធន៍ និងការទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមថា សមាគមនឹងបន្តពង្រឹងតួនាទីរបស់ខ្លួនជាសមាគមវិជ្ជាជីវៈដ៏សំខាន់មួយ ក្នុងការជំរុញការបណ្តុះបណ្តាល ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងការអនុវត្តស្តង់ដារវិជ្ជាជីវៈ សំដៅធានាថា ប្រជាពលរដ្ឋកម្ពុជាអាចទទួលបានសេវាថែទាំសុខភាពកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

នៅចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានផ្តាំផ្ញើដល់គ្រូពេទ្យឯកទេសវ័យក្មេងទាំងអស់ថា ការក្លាយជាគ្រូពេទ្យដ៏ល្អម្នាក់ មិនអាស្រ័យតែលើចំណេះដឹង និងជំនាញបច្ចេក ទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ មនសិការទទួលខុសត្រូវ ស្មារតីលះបង់ ក្តីមេត្តាករុណា និងការគោរពសិទ្ធិ ព្រមទាំងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺជានិច្ច។ គ្រូពេទ្យល្អ គឺជាគ្រូពេទ្យដែលខិតខំរៀនសូត្រពេញមួយជីវិត បន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ហ៊ានទទួលស្គាល់ដែនកំណត់នៃចំណេះដឹង និងជំនាញរបស់ខ្លួន ហើយតែងតែផ្តល់ អាទិ ភាពដល់សុវត្ថិភាព និងផលប្រយោជន៍របស់អ្នកជំងឺ៕