ក្រសួងកសិកម្ម បើកព្រឹត្តិការណ៍ «CAFE26» ប្រចាំឆ្នាំ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីជំរុញការវិនិយោគ និងទីផ្សារកសិ-ស្បៀងអាហារកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំលើកទី២ នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ព្រមទាំងបង្កើនការអនុវត្តបច្ចេកវិទ្យានិងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។ លើសពីនេះ CAFÉ 26 បានក្លាយជាវេទិកាជួបជុំប្រកបដោយកាលានុវត្តភាព រវាងកសិករជាង ២,០០០នាក់ អាជីវករ អ្នកវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ យុវជន និងដៃគូអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅប្រទេស ដោយរំពឹងថានឹងមានអ្នកចូលរួមទស្សនាសរុបរហូតដល់ប្រមាណ ២ម៉ឺន៥ពាន់នាក់។
នៅក្នុងពិព័រណ៍នេះ មានស្ដង់សរុបប្រមាណ ៤០០ ស្ដង់ ដែលដាក់បង្ហាញយ៉ាងសម្បូរបែប ហើយកសិផលយុទ្ធសាស្ត្រ ៩មុខ និងផលិតផលកែច្នៃ៖ រួមមាន អង្ករ, ស្វាយចន្ទី, ម្រេច, បន្លែ, ត្រី, ដំឡូងមី, កៅស៊ូ, ឈើ និងស្វាយ ព្រមទាំងផលិតផលសម្រេចជាច្រើនប្រភេទ។ ក្នុងនោះបច្ចេកវិទ្យាកសិកម្មក៏មានការតាំងបង្ហាញដូចជា៖ ការតាំងបង្ហាញគ្រឿងយន្តកសិកម្ម, បច្ចេកវិទ្យាដ្រូន, ដំណោះស្រាយឌីជីថល, ធាតុចូលកសិកម្ម, ព្រមទាំងបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ប្រកបដោយស្តង់ដារ។
ព្រឹត្តិការណ៍ CAFE26 ត្រូវបានគេមើលឃើញថា ជាការបោះជំហានយ៉ាងសំខាន់ក្នុងការកៀរគរទុនវិនិយោគថ្មីៗ និងបើកច្រកទីផ្សារកាន់តែទូលំទូលាយសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជា នៅលើឆាកអន្តរជាតិ៕


