ឯកឧត្តម តឹករ៉េត សំរេច ដាក់ចេញអនុសាសន៍ ៥ចំណុច និងទិសដៅការងារឆ្នាំ២០២៧ ដល់មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ដើម្បីពង្រឹងគុណភាពសេវាដីធ្លី និងដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ: ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលសេដ្ឋាចន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ត្រីមន្ទីរជំនាញ និងមន្ទីរអង្គភាពជុំវិញខេត្ត យ៉ាងច្រើនកុះករ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានឡើងជម្រាបជូននូវរបាយការណ៍ស្តីពីវឌ្ឍនភាព និងសមិទ្ធិផលការងារដែលមន្ទីរសម្រេចបាននាពេលកន្លងមក ព្រមទាំងបានលើកឡើងនូវបញ្ហាប្រឈមចំនួន៥ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ដោះស្រាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តឹករ៉េត សំរេច បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរនាពេលកន្លងមក។ ឯកឧត្តមក៏បានគូសបញ្ជាក់ និងរំលឹកផងដែរនូវយុទ្ធសាស្ត្រស្នូលដ៏មានសារៈសំខាន់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដាក់ចេញនូវការកសាងសាមគ្គីភាពផ្ទៃក្នុង ការពន្លឿនការចុះបញ្ជីដីធ្លី ការលុបបំបាត់ទំនាស់ដីធ្លី និងការកសាងរដ្ឋបាលសេវាទំនើបដើម្បីភាពងាយស្រួលជូនប្រជាពលរដ្ឋ។
បន្ថែមពីលើនេះ ឯកឧត្តម បានដាក់ចេញនូវទិសដៅការងារដ៏មានសារៈសំខាន់សម្រាប់ឆ្នាំ២០២៧ ដោយតម្រូវឱ្យមន្ទីរផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការសម្អាតការងារចុះបញ្ជីដីធ្លី និងការរៀបចំផែនការប្រើប្រាស់ដីឃុំ សង្កាត់ ដើម្បីធានាដល់សុវត្ថិភាពនៃការវិនិយោគសាធារណៈ។
ទន្ទឹមនឹងនោះ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែលបានរកឃើញ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ណែនាំចំនួន៥ចំណុច រួមមាន៖
១-ត្រូវពង្រឹងគុណភាពសេវាដីធ្លីឱ្យកាន់តែមានភាពល្អប្រសើរ
២-ដីវិវាទដែលនៅសល់ ត្រូវព្យាយាមបន្តដោះស្រាយឱ្យទទួលបានលទ្ធផលល្អ
៣-ត្រូវត្រៀមធនធានមនុស្ស និងថវិកាក្នុងការរៀបចំដែនដីនគរូបនីយកម្មឱ្យបានល្អប្រសើរ
៤-វិស័យសំណង់ត្រូវរៀបចំឱ្យមានរបៀបរៀបរយ
៥-វិស័យលំនៅឋាន ត្រូវបន្តដោះស្រាយ រួមទាំងលំនៅឋានដែលមិនមានរបៀបរៀបរយ និងសំណង់អគារផ្សេងៗ ដើម្បីធានាបាននូវសោភ័ណភាពសម្រាប់ខេត្តព្រះសីហនុ។
អត្ថបទ៖មន សូត្រ


