ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងកោតសរសើរដល់អាជ្ញាខេត្តកណ្តាល ចុះអន្តរាគមន៍ជួយប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង
កណ្តាល៖ បន្ទាប់ពីរដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំអាជ្ញាធរ មន្ទីរ-អង្គភាព និងកងកម្លាំងចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបង្កការប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវមួយចំនួនរងការជន់លិច។
ជាក់ស្តែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ១៨២គ្រួសារ ក្នុងឃុំជ្រៃលាស់ នៅវិទ្យាល័យ ហ៊ុន សែន អូរកុង ស្រុកពញាឮ។
ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ សូមថ្លែងការកោតសរសើរ និងអរគុណដល់អាជ្ញាខេត្តកណ្តាល និងកងកម្លាំងក្នុងមូលដ្ឋានទាំងអស់ ដែលបានសហការ និងខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋអំឡុងពេលប្រឈមដោយជំនន់ទឹកភ្លៀងបានទាន់ពេលវេលា។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់តាំងមន្រ្តីជំនាញបន្តតាមដាន និងយកចិត្តទុកដាក់នៅមូលដ្ឋានខេត្តកណ្តាល និងរាជធានី-ខេត្តផ្សេងទៀត ដើម្បីត្រៀមមានវិធានការ និងការអន្តរាគមន៍ជួយសង្គ្រោះទាំងកងកម្លាំង និងមធ្យោបាយសរុបផងដែរ៕


