ឧត្តមសេនីយ៍ឯក លឹម តុងហួត សំណូមពរដល់អ្នកសម្របសម្រួលកម្មវិធីកម្សាន្តសប្បាយក្នុងឱកាសពិធីបុណ្យអុំទូកតាមបណ្ដាខេត្តជួយបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀននិងកម្មវិធីទូរសព្ទដៃNoDrug។
រាជធានីភ្នំពេញ : ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈសំណូមពរបែបនេះក្នុងឱកាសដែលតាមបណ្ដាខេត្តនានាមានរៀបចំកម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប ប្រចាំខេត្តមួយចំនួនដើម្បីកំសាន្តសប្បាយនិងរំលឹកប្រពៃណីដ៏ផូរផង់របស់ខ្មែរតាំងពីយូរលង់។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសរសើរ ដល់គ្រប់សមាសភាពទាំងក្រសួង ស្ថាប័នក៏ ដូចជារាជធានីខេត្ត ដៃគូ វិស័យឯកជននានាដែលតែងតែចូលរួមធ្វើការផ្សព្វផ្សាយបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍កម្មវិធីទូរសព្ទដៃ NoDrugនៅក្នុងកម្មវិធីកម្សាន្តសប្បាយនានាដែលរៀបចំដោយរាជធានី ខេត្ត ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបបន្ថែមថា កាលណាយើងនាំគ្នានិយាយឲ្យបានទូលំទូលាយពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍នៃការប្រើប្រាស់ទូរសព្ទដៃNoDrug បានកាន់តែច្រើននោះប្រជាពលរដ្ឋនឹងប្រើប្រាស់កម្មវិធីនេះបានកាន់តែច្រើននោះទីផ្សារគ្រឿងញៀននឹងរួមតូចឈានទៅលុបបំបាត់ ហើយយុវវ័យនឹងអាចចៀសផុតបានពីបញ្ហាគ្រឿងញៀន ក៏ដូចជាការប្រើប្រាស់នៅបារីអេឡិចត្រូនិកដែលនាំឲ្យប៉ះពាល់ទៅដល់សុខភាពរាងកាយ សួត និងការរីកលូតលាស់នៃខួរក្បាលបង្អាក់ដំណើរឆ្ពោះទៅភាពរុងរឿងរបស់យុវវ័យ ហើយក៏អាចក្លាយជាបន្ទុកសម្រាប់សង្គមជាតិផងដែរ។ ” ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន ” ” រួមគ្នាអប់រំបង្ការដើម្បីឈានទៅកាត់ផ្ដាច់ឬសគល់នៃបញ្ហាគ្រឿងញៀន” ” ទូកទៅមុខពឹងច្រវ៉ា អនាគតយុវវ័យស្រស់ថ្លាមិនពឹងគ្រឿងញៀន ”


