បុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន ឆាយណាតាថាង ប្រចាំកម្ពុជា បំពេញទស្សនកិច្ច និងសិក្សាស្រាវជ្រាវ រួមគ្នាស្ថាបនាឧត្តមភាព ចែករំលែកអនាគតរួមគ្នា នៅប្រទេសចិន

សកម្មភាពដំណើរទស្សនកិច្ចរបស់បុគ្គលិកបរទេស នៃក្រុមហ៊ុន ឆាយណាតាថាង មកកាន់ប្រទេសចិន លើកទី៣ ដែលមានរយៈពេល ១២ថ្ងៃ ក្រោមប្រធានបទ « រួមគ្នាស្ថាបនាឧត្តមភាព ចែករំលែកអនាគតរួមគ្នា» ត្រូវបានបញ្ចប់ដោយជោគជ័យ។ ក្នុងដំណើរទស្សនកិច្ចនេះ មានបុគ្គលិកបរទេស ចំនួន១២រូប របស់ក្រុមហ៊ុន ឆាយណាតាថាង ដែលមកពីប្រទេសកម្ពុជា, ឥណ្ឌូណេស៊ី, ឧសបេគីស្ថាន, ឡាវ និងមីយ៉ាន់ម៉ា ដោយក្នុងនោះ រួមមានបុគ្គលិកឆ្នើម ជាជនជាតិខ្មែរ ២រូបគឺ កញ្ញា ឡាយ ច័ន្ទមូលីនី LAY CHANMOLLINY (黄淑妹) មកពីក្រុមហ៊ុន ខេមបូឌាន ផៅវ័រ ហ្រ្គីត និង កញ្ញា តេង ឈានអាន TENG CHENG ANN (邓清安) មកពីក្រុមហ៊ុន ស៊ី អេច ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។

ទស្សនកិច្ចនេះរៀបចំឡើង ក្នុងគោលបំណង «បញ្ជីចំណេះដឹងដែលចង់សិក្សា » និង «បញ្ជីបំណងប្រាថ្នា» និងអញ្ជើញទស្សនាទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុន ឆាយណាតាថាង និងគម្រោងថាមពលអគ្គិសនី ជាច្រើនទៀត ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លាស់ប្តូរ និងសិក្សាស្រាវជ្រាវ។ ក្នុងអំឡុងពេល បុគ្គលិកទាំងអស់ បានធ្វើដំណើរទៅកាន់ ខេត្តយូណាន និងខេត្តក្វាងស៊ី ហើយបានទស្សនាគម្រោងថាមពលវារីអគ្គិសនី ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងគម្រោងស្តុកថាមពល ដោយស្វែងយល់ស៊ីជម្រៅ អំពីគំរូអភិវឌ្ឍន៍ថាមពលចម្រុះ ដែលបំពេញបន្ថែមគ្នាទៅវិញទៅមក របស់ក្រុមហ៊ុនឆាយណាតាថាង។ បុគ្គលិកអាចទស្សនា ដោយផ្ទាល់នូវប្រព័ន្ធប្រតិបត្តិការ និងថែទាំបែបឌីជីថលឆ្លាតវៃ នឹងប្រព័ន្ធគ្រប់គ្រងកណ្តាលឆ្លាតវៃ ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង អំពីសមិទ្ធផល នៃការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កើនប្រសិទ្ធភាពផលិតកម្ម និងការថែទាំថាមពល។ លើសពីនេះ រួមមានគម្រោងជំនួយអភិវឌ្ឍន៍ឧស្សាហកម្ម នៅខេត្តយូណាន និងគម្រោងជំនួយអប់រំ នៅស្រុកដាហួរ ខេត្តក្វាងស៊ី ដើម្បីស្វែងយល់ពីសកម្មភាពជាក់ស្តែង របស់ក្រុមហ៊ុន ឆាយណាតាថាង ក្នុងការបំពេញទំនួលខុសត្រូវសង្គម និងការចូលរួមជំរុញការអភិវឌ្ឍជនបទ។

ក្នុងដំណើរទស្សនកិច្ច នៅតាមដងទន្លេ ជីនសា ពួកគាត់ក៏បានចូលរួមជាមួយមិត្តរួមការងារចិន ក្នុងពិធីរៀបអាពាហ៍ពិពាហ៍រួមគ្នា របស់បុគ្គលិក ដោយបានស្វែងយល់ពីវប្បធម៌ចិន តាមរយៈការប្រាស្រ័យទាក់ទង ព្រមទាំងពង្រឹងការយោគយល់ និងមិត្តភាពរវាងគ្នានិងគ្នា។

នៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ ដែលបានរៀបចំឡើង នៅទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុន ឆាយណាតាថាង កញ្ញា ឡាយ ច័ន្ទមូលីនី LAY CHANMOLLINY បានលើកឡើងថា៖ «គ្រប់សកម្មភាពរឿងរ៉ាវ និងបទពិសោធន៍ទាំងអស់ នៅតាថាង កញ្ញានិងយកទៅចែករំលែក ជាមួយមិត្តរួមការងារ និងសាច់ញាតិមិត្តភក្តិ ឱ្យបានកាន់តែច្រើន ហើយនឹងយកចំណេះដឹងបច្ចេកទេស ដែលបានសិក្សាទៅអនុវត្ត ក្នុងការងារប្រចាំថ្ងៃ ដោយយកចិត្តទុកដាក់ បំពេញតួនាទីជាស្ពានតភ្ជាប់ កិច្ចសហប្រតិបត្តិការថាមពលបៃតង រវាងប្រទេសចិន និងកម្ពុជា»។

កញ្ញា តេង ឈានអាន TENG CHENG ANN ឲ្យដឹងដែរថា៖ «ដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិនលើកនេះ បានផ្តល់ឱ្យ មិនត្រឹមតែចំណេះដឹង បច្ចេកទេសជាក់លាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន ពង្រីកទស្សនវិស័យ និងផ្តល់នូវគំនិតថ្មីៗផងដែរ។ បទពិសោធន៍ និងអ្វីៗ នាពេលនេះ បន្ថែមទំនុកចិត្ត និងកម្លាំងចិត្ត ក្នុងការជំរុញ ការអភិវឌ្ឍថាមពលកកើតឡើងវិញ នៅកម្ពុជា»។

ក្នុងអំឡុងពេលចូលរួមសកម្មភាពនេះ បុគ្គលិកឆ្នើម ជាជនជាតិខ្មែរ ទាំងពីររូប បានបង្ហាញនូវសមត្ថភាព និងសីលធម៌វិជ្ជាជីវៈដ៏ល្អប្រសើរ ព្រមទាំងបានបញ្ចូលគ្នានូវវប្បធម៌ខ្មែរ និងវប្បធម៌ប្រពៃណី ដ៏ល្អផូរផង់របស់ចិន។ មិនត្រឹមតែជាអ្នកចូលរួម ក្នុងការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាអ្នកជំរុញការយោគយល់ រវាងអរិយធម៌ និងជាអ្នកផ្សព្វផ្សាយ មិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ នៅជំហានបន្ទាប់ ក្រុមហ៊ុន ឆាយណាតាថាង នឹងបន្តពង្រឹង និងពង្រីកសកម្មភាព នៅទីផ្សារកម្ពុជា ពង្រឹងការកសាងក្រុមធនធានមនុស្ស ក្នុងស្រុក និងចូលរួមគាំទ្រ ការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមប្រធានបទ«យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា ព្រមទាំងបន្តរួមចំណែក យ៉ាងសកម្មក្នុងការពង្រឹងមិត្តភាព រវាងប្រទេសចិន និងកម្ពុជា។