សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់សម្ភារៈប្រើប្រាស់ និងថវិកា ដល់ប្រជាពលរដ្ឋគ្មានផ្ទះសម្បែង ចំនួន៥គ្រួសារ មុននឹងផ្លាស់ ទៅរស់នៅខេត្តស្ទឹងត្រែង

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសម្បែងចំនួន ៥គ្រួសារ ដែលត្រូវផ្លាស់ប្តូរទីលំនៅទៅរស់នៅ និងបង្កើតជីវភាពថ្មីនៅក្នុងខេត្តស្ទឹងត្រែង ។ ជំនួបសំណេះ សំណាលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ។

ប្រជាពលរដ្ឋទាំង ៥គ្រួសារដែលទទួលបានការឧបត្ថម្ភនាពេលនេះ រួមមាន មកពីឃុំវាលរេញ ស្រុកព្រៃនប់ ចំនួន ២គ្រួសារ មកពីស្រុកស្ទឹងហាវ ចំនួន ២គ្រួសារ មកពីសង្កាត់លេខ១ ក្រុងព្រះសីហនុ ចំនួន ១គ្រួសារ ហើយដើម្បីសម្រាលបន្ទុកជីវភាព និងជាដើមទុនបឋមក្នុងការចាប់ផ្តើមជីវិតថ្មី អំណោយដែលត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន៖ អង្ករ ៥០គីឡូក្រាម កន្ទេល១ ទឹកត្រី ១យួរ ត្រីខ ១យួរ មី ១កេះ ភេសជ្ជៈ ១កេះ ទឹកបរិសុទ្ធ ១កេះ ឃីត ១ឈុត សម្ភារៈផ្ទះបាយ ១ឈុត ព្រមទាំងថវិកាឧបត្ថម្ភផ្ទាល់ចំនួន ២,០០០,០០០ រៀល (ពីរលានរៀល) ក្នុងមួយគ្រួសារ។

ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងមិនបោះបង់ពលរដ្ឋណាម្នាក់ចោល ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ និងជនភៀសខ្លួន ឬអ្នកគ្មានទីជម្រកពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំង ៥គ្រួសារ ឱ្យធ្វើដំណើរទៅកាន់ទឹកដីថ្មីនៃខេត្តស្ទឹងត្រែងដោយសុវត្ថិភាព មានសុខភាពល្អបរិបូរណ៍ និងត្រូវខិតខំប្រកបមុខរបររកទទួលទានដើម្បីកសាងជីវភាពគ្រួសារឱ្យកាន់តែរុងរឿង និងប្រសើរឡើងជាលំដាប់នាពេលអនាគត៕

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ 

រូបភាព ៖ លោក អ៊ូ ជោត