លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា៖ ពានរង្វាន់មានចំនួនកំណត់ ប៉ុន្តែទេពកោសល្យ និងសក្តានុពលរបស់ជនមានពិការភាពមិនត្រូវបានកំណត់ឡើយ
ភ្នំពេញ៖ «ពានរង្វាន់អាចមានចំនួនកំណត់ ប៉ុន្តែទេពកោស ល្យ និងសក្តានុពលរបស់មនុស្សម្នាក់ៗមិនត្រូវបានកំណត់ដោយពានរង្វាន់នោះទេ»។ នេះជាសារលើកទឹកចិត្តដ៏មានអត្ថន័យរបស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍនៃក្រសួងព័ត៌មាន ដែលបានគូសបញ្ជាក់ថា ពិការភាពមិនមែនជារបាំងនៃទេពកោសល្យឡើយ ហើយការផ្តល់ឱកាស និងការគាំទ្រដល់ជនមានពិការភាព គឺជាការទទួលស្គាល់សមត្ថភាព សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សគ្រប់រូប។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីបិទមហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅស្ទូឌីយោលេខ១ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈកម្មការវាយតម្លៃ ភ្ញៀវកិត្តិយស និងបេក្ខជនទាំងអស់។
ក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានបញ្ជាក់ថា មហោស្រពនេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាផ្តល់ក្តីសង្ឃឹម បើកឱកាស និងបង្ហាញដល់សង្គមឱ្យបានឃើញពីសមត្ថភាព ទេពកោសល្យ និងសក្តានុពលរបស់ជនមានពិការភាព។
លោកជំទាវបានមានប្រសាសន៍ថា តាមរយៈសំនៀងដ៏ពិរោះ និងការសម្តែងប្រកបដោយទេពកោសល្យរបស់បេក្ខជន បេក្ខនារី យើងមិនត្រឹមតែបានឃើញស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឃើញពីភាពក្លាហាន ការតាំងចិត្ត និងស្មារតីតស៊ូដ៏រឹងមាំរបស់ពួកគេ។ អ្វីដែលមានតម្លៃបំផុត គឺការជឿជាក់លើខ្លួនឯង ការមិនបោះបង់ក្តីស្រមៃ និងការតស៊ូជម្នះឧបសគ្គក្នុងជីវិត។
លោកជំទាវបានគូសបញ្ជាក់ថា «ពិការភាពមិនមែនជារបាំងនៃទេពកោសល្យ ហើយភាពខុសគ្នាក៏មិនមែនជាមូលហេតុនៃការបាត់បង់តម្លៃរបស់មនុស្សឡើយ»។ មនុស្សគ្រប់រូបសុទ្ធតែមានសក្តានុពល និងសេចក្តីថ្លៃថ្នូររៀងៗខ្លួន។ ដូច្នេះ អ្វីដែលសង្គមត្រូវធ្វើ គឺផ្តល់ឱកាស បង្កើតបរិយាកាសអំណោយផល និងផ្តល់ការគាំទ្រចាំបាច់ ដើម្បីឱ្យមនុស្សគ្រប់រូបអាចបង្ហាញសមត្ថភាពរបស់ខ្លួនបានពេញលេញ និងចូលរួមក្នុងការអភិវឌ្ឍសង្គមដោយស្មើភាព។
លោកជំទាវបានបន្តថា សង្គមដែលរីកចម្រើនពិតប្រាកដ មិនមែនជាសង្គមដែលផ្តល់ឱកាសត្រឹមតែដល់មនុស្សមួយចំនួននោះទេ ប៉ុន្តែជាសង្គមដែលមនុស្សគ្រប់រូបអាចចូលរួម បញ្ចេញសមត្ថភាព និងរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ ដោយមិនទុកនរណាម្នាក់ឱ្យនៅពីក្រោយឡើយ។ លោកជំទាវបានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសង្គមកម្ពុជាប្រកបដោយបរិយាបន្ន គឺជាការងារដែលត្រូវការការចូលរួមពីគ្រប់ភាគី ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបមានលទ្ធភាពចូលរួម និងទទួលបានឱកាសសមស្របក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។
ចំពោះបេក្ខជន បេក្ខនារីដែលទទួលបានជ័យលាភី លោកជំទាវបានចូលរួមអបអរសាទរ និងលើកទឹកចិត្តឱ្យបន្តដុសខាត់ទេពកោសល្យ ហ្វឹកហាត់ និងបង្កើតស្នាដៃថ្មីៗ ដើម្បីឈានទៅរកភាពជោគជ័យកាន់តែធំធេងនាពេលអនាគត។ ចំណែកអ្នកដែលមិនទាន់ទទួលបានជ័យលាភី លោកជំទាវបានលើកទឹកចិត្តកុំឱ្យបាក់ទឹកចិត្ត ឬបោះបង់ក្តីស្រមៃ ដោយបញ្ជាក់ថា ការហ៊ានឡើងលើឆាក ការហ៊ានបង្ហាញសមត្ថភាព និងការបន្តតស៊ូ គឺជាជ័យជម្នះដ៏មានតម្លៃរួចទៅហើយ។
លោកជំទាវក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន បន្តចូលរួមគាំទ្រ និងបង្កើតឱកាសឱ្យកាន់តែទូលំទូលាយសម្រាប់ជនមានពិការភាព ជាពិសេសក្នុងវិស័យសិល្បៈ វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យពួកគេអាចបង្ហាញទេពកោសល្យ ទទួលបានការទទួលស្គាល់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយសមភាព។
លោកជំទាវបានបន្ថែមថា សំឡេងចម្រៀងរបស់បេក្ខជន បេក្ខនារី មិនគួរបន្លឺឡើងត្រឹមតែនៅលើឆាកប្រកួតប្រជែងនោះទេ ប៉ុន្តែគួរតែបន្លឺឡើងក្នុងបេះដូងសង្គម ដើម្បីរំឭកដល់មនុស្សគ្រប់រូបថា មនុស្សគ្រប់គ្នាមានតម្លៃ មានសមត្ថភាព និងសក្តិសមទទួលបានឱកាសក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួន។
ដូច្នេះហើយ តាមរយៈមហោស្រពប្រឡងចម្រៀងនេះ ក្រសួងព័ត៌មានបានបង្កើតវេទិកាមួយសម្រាប់ឱ្យជនមានពិការភាពបង្ហាញសមត្ថភាព និងទេពកោសល្យផ្នែកចម្រៀង ព្រមទាំងជំរុញការយល់ដឹងក្នុងសង្គមអំពីសារៈសំខាន់នៃសមភាព ការមិនរើសអើង និងការផ្តល់ឱកាសដល់មនុស្សគ្រប់រូប។ ការបន្តគាំទ្រឱ្យមានវេទិកាបែបនេះ និងការបើកឱកាសឱ្យជនមានពិការភាពចូលរួមក្នុងវិស័យផ្សេងៗ គឺជាផ្នែកសំខាន់មួយក្នុងការកសាងសង្គមប្រកបដោយបរិយាបន្ន ដែលមនុស្សគ្រប់រូបអាចបញ្ចេញសមត្ថភាព និងរស់នៅដោយសេចក្តីថ្លៃថ្នូរ៕


