មនុស្សរាប់ពាន់នាក់ចេញមកប្រមូលផ្តុំគ្នាជាថ្មីនៅទីក្រុងប៉ារីសរបស់បារាំង! បន្ទាប់ពីតុលាការលុបចោលបម្រាមហាមឃាត់លើការតវ៉ា ដើម្បីបញ្ចៀសអំពើហិង្សា និងក្រុមឆ្លៀតឱកាសលួចប្លន់ហាងទំនិញនានាបន្ថែមទៀត
នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅបារាំង) មនុស្សរាប់ពាន់នាក់បានចេញមកតាមដងផ្លូវនានាក្នុងទីក្រុងប៉ារីស ខណៈដែលទីក្រុងផ្សេងទៀតបានហាមឃាត់នូវការធ្វើបាតុកម្ម បន្ទាប់ពីមានការប៉ះទង្គិចគ្នា និងការលួចប្លន់ទ្រព្យសម្បត្តិទ្រង់ទ្រាយធំកាលពីចុងសប្តាហ៍កន្លងទៅ ដែលវាបានក្លាយជាហេតុការណ៍អសន្តិសុខដ៏ហិង្សាធំបំផុតនៅក្នុងប្រទេសបារាំងដែរ មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នករៀបចំការតវ៉ានៅទីក្រុងប៉ារីសបានឱ្យដឹងថា តុលាការរដ្ឋបាលមួយនៅក្នុងទីក្រុងប៉ារីសបានលុបចោលនូវបម្រាមចំពោះមន្រ្តីប៉ូលីស បន្ទាប់ពីពួកគេបានដាក់ពាក្យជំទាស់លើបម្រាមនោះ ក្នុងចេតនាធ្វើសកម្មភាពតវ៉ា។ សិទ្ធិក្នុងការធ្វើបាតុកម្មនៅក្នុងប្រទេសបារាំងត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញបារាំងប្រាកដមែន ប៉ុន្តែទង្វើរបស់ពួកគេបានឈានដល់អំពើហឹង្សាទ្រង់ទ្រាយធំ ដូច្នេះតុលាការត្រូវផ្តល់សិទ្ធិដល់ប៉ូលីសដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ ហើយការហាមឃាត់ការធ្វើបាតុកម្មដែលគ្រោងបានឡើងនៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងប៉ារីស ទីក្រុងលីយ៉ុង (Lyon) ទីក្រុងលីល (Lille) និងហ្គ្រេណូបល (Grenoble) ត្រូវបានគេមើលឃើញថាជាការរំលោភលើសិទ្ធិរបស់ប្រជាជនបារាំងក្នុងសកម្មភាពតវ៉ាដោយហឹង្សា។ មុននេះដែរ ប៉ូលិសទីក្រុងប៉ារីសបានអះអាងថា បម្រាមនេះគឺមានភាពចាំបាច់ ដោយសារមានហានិភ័យនៃអំពើហិង្សាតាមដងផ្លូវ បន្ទាប់ពីក្រុមយុវជនពាក់ម៉ាស់បានប៉ះទង្គិចជាមួយកងកម្លាំងប៉ូលិស លួចប្លន់ហាងទំនិញល្បីៗ និងដុតបំផ្លាញរថយន្តកាលពីចុងសប្តាហ៍នេះ។ សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីសមិនទាន់ត្រូវបានប្រកាសជាសាធារណៈភ្លាមៗនោះទេ។ ប៉ុន្តែក្រុមអ្នកតវ៉ា រួមទាំងយុវជនជាច្រើននាក់បានដឹង និងបានប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅភាគអាគ្នេយ៍នៃទីក្រុងប៉ារីស ខណៈដែលមានប៉ូលិសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទីនោះ។ គេរំពឹងថានឹងមានការហាមឃាត់បន្ថែមទៀតនៅក្នុងថ្ងៃខាងមុខ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងថា វិធានការទាំងនេះមានគោលបំណងការពារតំបន់កណ្តាលទីក្រុង ការពារហាងអាជីវកម្មនានា និងអគារសាធារណៈរបស់រដ្ឋ។ ក្រុមសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យបាននិយាយថា ពួកគេនឹងបន្តប្រមូលផ្តុំគ្នា ទោះបីជាការឈប់សម្រាកពីការសិក្សានៅរដូវស្លឹកឈើជ្រុះបានចាប់ផ្តើមនៅសប្តាហ៍នេះក៏ដោយ។ លោក Macron បានមានប្រសាសន៍បន្ថែមថា៖ យុទ្ធសាស្ត្រដែលនឹងអនុវត្តសម្រាប់ថ្ងៃខាងមុខ គឺការហាមឃាត់ការតវ៉ាដែលស្នើឡើងដោយ «បុគ្គល ឬក្រុមដែលគ្មានសិទ្ធិអំណាចស្របច្បាប់»។ ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសន្តិសុខពិសេសមួយនៅវិមាន Elysée (អេលីសេ)។ លោកបានចោទប្រកាន់ថា អំពើហិង្សាកាលពីចុងសប្តាហ៍ គឺបណ្តាលមកពី «សកម្មភាពដឹកនាំដោយក្រុមជ្រុលនិយមឆ្វេង ដែលមានគោលបំណងផ្តួលរំលំសាធារណរដ្ឋបារាំង» រួមជាមួយនឹងក្រុមឧក្រិដ្ឋជនដែលបានឆ្លៀតឱកាសចូលមកលួចប្លន់ទ្រព្យសម្បត្តិពីហាងទំនិញល្បីៗក្នុងប្រទេសផ្ទាល់តែម្តង៕

សម្រួលអត្ថបទ៖ សុផារិន្ទ

