ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំជាមួយទីប្រឹក្សាបច្ចេកទេស GIZ ពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្ត្រទំនាក់ទំនងកិច្ចគាំពារសង្គមតាមសាសនមាគ៌ា ឆ្នាំ២០២៧–២០៣២
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ និងជាមួយនឹងទីប្រឹក្សាបច្ចេកទេសរបស់អង្គការ GIZ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររយៈពេលឆ្នាំ២០២៧–២០៣២ ស្តីពី «យុទ្ធសាស្ត្រទំនាក់ទំនងកិច្ចគាំពារសង្គមតាមសាសនមាគ៌ា»។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈួរ សុបញ្ញា បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើក្របខ័ណ្ឌយុទ្ធសាស្ត្រ ទិសដៅអាទិភាព និងវិធានការអនុវត្ត ដើម្បីធានាថាផែនការយុទ្ធសាស្ត្រមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ជាពិសេស កិច្ចប្រជុំផ្តោតលើការកំណត់គោលដៅទំនាក់ទំនង សារសំខាន់ៗ និងមធ្យោបាយផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់វិស័យសាសនាក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារសង្គម ព្រមទាំងពង្រឹងកិច្ចសហការរវាងក្រសួងធម្មការ និងសាសនា អង្គការ GIZ ស្ថាប័នសាសនា និងភាគីពាក់ព័ន្ធ។
ជាកិច្ចបន្ត អង្គប្រជុំបានផ្តោតលើការប្រើប្រាស់សក្តានុពលរបស់វិស័យសាសនា និងស្ថាប័នសាសនា ក្នុងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងអំពីកិច្ចគាំពារសង្គម ដោយផ្អែកលើគុណតម្លៃសាសនា សីលធម៌ មេត្តាករុណា សាមគ្គីភាព និងការចែករំលែក។ ការងារនេះមានសារៈសំខាន់ក្នុងការជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ ទទួលបានព័ត៌មានកាន់តែទូលំទូលាយអំពីសេវា និងលទ្ធភាពទទួលបានការគាំទ្រផ្នែកសង្គម ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការជួយគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ កិច្ចប្រជុំបានពិភាក្សាលើការកំណត់ក្រុមគោលដៅ សារទំនាក់ទំនង និងមធ្យោបាយផ្សព្វផ្សាយដែលសមស្របតាមបរិបទសហគមន៍ ព្រមទាំងការពង្រឹងយន្តការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ។ ការបញ្ចូលធាតុចូល និងអនុសាសន៍ពីទីប្រឹក្សាបច្ចេកទេស GIZ ត្រូវបានយកមកពិចារណាក្នុងការកែលម្អខ្លឹមសារផែនការ ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នារវាងគោលដៅ សកម្មភាពអាទិភាព និងលទ្ធផលដែលរំពឹងទុក។
ជាលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ អង្គប្រជុំបានពិភាក្សា និងប្រមូលធាតុចូលបច្ចេកទេសសម្រាប់បន្តកែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ដើម្បីគោរពសុំលារសម្រេចពីឯកឧត្តមរដ្ឋមន្រ្តី ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៨ រួមមាន៖
១. ការគាំទ្រផ្នែកទីប្រឹក្សាបច្ចេកទេសពីអង្គការ GIZ និងការកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រ៖ អង្គការ GIZ បានបង្ហាញការគាំទ្រផ្នែកទីប្រឹក្សាបច្ចេកទេស ដើម្បីចូលរួមសម្របសម្រួល និងគាំទ្រដល់ដំណើរការរៀបចំផែនការយុទ្ធសាស្ត្រទំនាក់ទំនងកិច្ចគាំពារសង្គមតាមសាសនមាគ៌ា ឆ្នាំ២០២៧–២០៣២ តាមរយៈការផ្តល់យោបល់ និងធាតុចូលជំនាញបច្ចេកទេស ការពិនិត្យកែលម្អខ្លឹមសារផែនការ និងការពង្រឹងគុណភាពនៃការរៀបចំផែនការ។
២. ការកំណត់ក្របខ័ណ្ឌ និងទិសដៅយុទ្ធសាស្ត្រ៖ ពិនិត្យ និងពិភាក្សាលើការកំណត់គោលបំណង គោលដៅ និងទិសដៅអាទិភាពនៃការទំនាក់ទំនង ដើម្បីធានាឱ្យផែនការមានភាពច្បាស់លាស់ និងឆ្លើយតបនឹងគោលដៅនៃកិច្ចគាំពារសង្គមតាមសាសនមាគ៌ា។
៣. ការកំណត់ក្រុមគោលដៅ និងសារទំនាក់ទំនងសំខាន់ៗ៖ ផ្តោតលើការរៀបចំសារផ្សព្វផ្សាយ និងព័ត៌មានសំខាន់ៗឱ្យសមស្របតាមក្រុមគោលដៅ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ និងសហគមន៍ដែលត្រូវការការគាំទ្រ។
៤. ការពង្រឹងតួនាទីរបស់វិស័យសាសនា៖ ជំរុញការប្រើប្រាស់សក្តានុពលរបស់វត្តអារាម ស្ថាប័នសាសនា និងបណ្តាញសហគមន៍ ក្នុងការផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់សីលធម៌ មេត្តាករុណា សាមគ្គីភាព និងការចែករំលែក ដើម្បីគាំទ្រដល់កិច្ចគាំពារសង្គម។
៥. ការកំណត់មធ្យោបាយ និងសកម្មភាពទំនាក់ទំនង៖ ពិភាក្សាលើការជ្រើសរើសមធ្យោបាយផ្សព្វផ្សាយ និងសកម្មភាពទំនាក់ទំនងឱ្យសមស្របតាមបរិបទសហគមន៍ ដើម្បីពង្រីកការយល់ដឹង និងការចូលរួមរបស់សាធារណជន។
៦. ការពង្រឹងកិច្ចសហការ និងសម្របសម្រួល៖ លើកកម្ពស់កិច្ចសហការរវាងក្រសួងធម្មការ និងសាសនា អង្គការ GIZ ស្ថាប័នសាសនា និងភាគីពាក់ព័ន្ធ ដើម្បីធានាភាពស៊ីសង្វាក់គ្នាក្នុងការរៀបចំផែនការ និងការអនុវត្តសកម្មភាព។
៧. ការរៀបចំសូចនាករ និងយន្តការតាមដានវាយតម្លៃ៖ ផ្តោតលើការកំណត់សូចនាករវាស់វែងលទ្ធផល និងយន្តការតាមដាន និងវាយតម្លៃ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពនៃសកម្មភាពទំនាក់ទំនង។
៨. ការបន្តកែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ៖ ប្រមូលធាតុចូល និងអនុសាសន៍បច្ចេកទេសពីក្រុមការងារ និងទីប្រឹក្សាបច្ចេកទេស GIZ ដើម្បីបន្តកែលម្អខ្លឹមសារផែនការ និងរៀបចំជំហានការងារបន្ទាប់ សំដៅឈានទៅរកការរៀបចំផែនការដែលមានភាពគ្រប់ជ្រុងជ្រោយ អាចអនុវត្តបាន និងមាននិរន្តរភាព។
ជាទីបញ្ចប់ ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងសរុបថា កិច្ចប្រជុំនេះជាផ្នែកមួយដ៏សំខាន់នៃដំណើរការរៀបចំផែនការយុទ្ធសាស្ត្រទំនាក់ទំនងកិច្ចគាំពារសង្គមតាមសាសនមាគ៌ា ឆ្នាំ២០២៧–២០៣២ ដើម្បីកំណត់ទិសដៅការងាររួម ពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់វិស័យសាសនាក្នុងការលើកកម្ពស់សុខុមាលភាព និងបរិយាបន្នសង្គម ព្រមទាំងរួមចំណែកកសាងសង្គមប្រកបដោយសាមគ្គីភាព សុខដុមរមនា និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលកំពុងជួបការលំបាក ស្របតាមចក្ខុវិស័យរបស់ក្រសួងធម្មការនិងសាសនាក្រោមការដឹកនាំរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។


