កិច្ចពិភាក្សាអំពីគុណតម្លៃច្បាប់ស្តីពីទេសចរណ៍ ការពង្រឹងការអនុវត្តច្បាប់ និងការជំរុញកំណើនសេដ្ឋកិច្ច សង្គម នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កម្មវិធីវេទិកាពិភាក្សាស្តីពី «គុណតម្លៃច្បាប់ស្តីពីទេសចរណ៍ចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌» ត្រូវបានរៀបចំឡើង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារស៊ីប្រ៊ីសនិងវីឡា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសមាជិក-សមាជិកាជាច្រើនរូបទៀត។
លោក សាមុត សុធារិទ្ធ បានអោយដឹងថា កិច្ចពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់លើច្បាប់ស្តីពីទេសចរណ៍នៅខេត្តព្រះសីហនុ។ ជាពិសេសគឺលើផ្នែកសន្តិសុខ និងរបៀបរៀបរយសាធារណៈ ដោយបានបំពាក់កាមេរ៉ាសុវត្ថិភាពជាច្រើននៅតាមទីតាំងនានា និងដំឡើងភ្លើងបំភ្លឺនៅតាមដងផ្លូវ និងឆ្នេរសមុទ្រ។ ការរៀបចំទាំងនេះធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនាពេលរាត្រី ព្រមទាំងមានការល្បាតប្រចាំការដើម្បីការពារសុវត្ថិភាពជូនបងប្អូន។
ឯកឧត្តម កើត ពុទ្ធវរី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ ដោយបានដាក់ចេញនូវកម្មវិធីពិសេសបញ្ជកោណដំណាក់កាលទី១។ កម្មវិធីនេះមានទិសដៅបង្កើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព តាមរយៈការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចលើវិស័យអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបានបន្ថែមថា វិស័យទេសចរណ៍ជាសសរទ្រូងសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈ ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោល ការទាក់ទាញវិនិយោគិន និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ការចូលរួមកាត់បន្ថយភាពក្រីក្រ ការជំរុញលើកទឹកចិត្ត និងផ្តល់តម្លៃដល់សហគមន៍ ការគាំទ្រដល់ការអភិវឌ្ឍធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងបរិស្ថាន បន្ថែមពីនេះ វិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រោចស្រង់ និងលើកកម្ពស់កិត្យានុភាពកម្ពុជាឱ្យមានភាពប្រកួតប្រជែង ស្ថិរភាព និងបរិយាបន្នផងដែរ។
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖ លោក អ៊ូ ជោត


