សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អគារសិក្សា១ខ្នង ដែលសាងសង់ជិតរួចរាល់ ដើម្បីដោះស្រាយបញ្ហាខ្វះបន្ទប់

ខេត្តកំពង់ធំ ៖ អគារសិក្សា មួយខ្នងមានចំនួន ៦ បន្ទប់ ដែលជាអំណោយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាសាមគ្គីមានជ័យ ស្ថិតនៅក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក លុច ម៉ៃ ប្រធានក្រុមការងារសាងសង់អគារមួយខ្នងនៃសាលាបឋមសិក្សាភាសាមគ្គីមានជ័យ បានឲ្យដឹងថា អគារសិក្សាមួយខ្នងនេះ មានចំនួន ៦ បន្ទប់ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៦ ហើយនឹងត្រូវបញ្ចប់ការសាងសង់ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឲ្យទាន់ពេលវេលាដែលសិស្សានុសិស្សចូលរៀនសូត្រក្នុងពេលចូលបវេសនកាលថ្មី ឆ្នាំ ២០២៦-២០២៧ ខាងមុខនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អគារសិក្សាថ្មីដែលមានចំនួន ៦ បន្ទប់នេះ សាងសង់ឡើងតាមសំណូមពររបស់លោកគ្រូអ្នកគ្រូ និងសិស្សានុស្សិស្ស ព្រមទាំងអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ នៅភូមិអង្គរសែនជ័យ ឃុំក្លែងដោយអគារសិក្សាចាស់សាងសង់ឡើង អំពីឈើដំបូលនិងជញ្ជាំងស័ង្កសី ហើយអាគារមួយចំនួនទៀតធ្វើអំពីឈើជញ្ជាំងក្តារ មានសភាពពុកផុយខូចខាតទ្រុឌទ្រោម យ៉ាងខ្លាំង ហើយមិនគ្រប់ចំនួនថ្នាក់ដែលក្មួយៗ និងចៅៗត្រូវសិក្សារៀនសូត្រ ហើយកន្លងទៅការរៀនសូត្រត្រូវផ្លាស់ប្ដូរវេនគ្នាតាមថ្នាក់នីមួយៗ ។

ដើម្បីដោះស្រាយសំណូមពរនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ចែងដំណើរការសាងសង់អគារមួយខ្នងចំនួន ៦ បន្ទប់នេះ ជូនដល់សិស្សានុសិស្ស ដើម្បីបានសិក្សារៀនសូត្របានសមរម្យ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងបន្ទប់សិក្សានីមួយៗ នាយឧត្តមសេនីយ៍ ម៉ៅសុផាន់ បានបំពាក់តុ និងកៅអីសម្រាប់សិស្សចំនួន ២៤ ឈុត និងតុកៅអីសម្រាប់លោកគ្រូអ្នកគ្រូចំនួនមួយឈុត ដែលក្នុងមួយបន្ទប់អាចដាក់សិស្សអង្គុយសិក្សាបានចំនួន ៤៨ នាក់៕