ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុក្រោមប្រធានបទ «គុណតម្លៃសមុទ្រ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»

រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅសាលប្រជុំសាខេត្ត(បណ្តោះអាសន្ន) នាព្រឹកថ្ងៃទី ២២ ខែតុលាឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ និងលោក សាមុត សុធារិទ្ធ អភិបាលស្ដីទីខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីជាច្រើនរូប ដើម្បីពិភាក្សា និងរៀបចំផែនការសកម្មភាព លម្អិតអំពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការតុបតែងលម្អ និងកម្មវិធីផ្សេងៗ ដើម្បីធានាឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុយ៉ាងច្រើនកុះករ។

យោងតាមកិច្ចពិភាក្សាក្នុងអង្គប្រជុំ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ ២០២៦ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុក្រោមប្រធានបទ «គុណតម្លៃសមុទ្រ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ដោយនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅ«ទីលានតេជោ» (ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ) ជាទីតាំងផ្លូវការសម្រាប់រៀបចំព្រឹត្តិការណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត។

គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍នេះ គឺ ដើម្បីចូលរួមផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តតំបន់ឆ្នេរ ជំរុញការអភិរក្ស និងអភិវឌ្ឍធនធានបាតសមុទ្រប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតឱកាសជំរុញការអភិវឌ្ឍនៅនឹងកន្លែង ជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក៏ដូចជាពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

លោក សាមុត សុធារិទ្ធ អភិបាលស្ដីទីខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ រដ្ឋបាលខេត្តបាននិងកំពុងអនុវត្តការងារហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពជាច្រើន រួមមានការកែលម្អទីលាន ជួសជុលកម្រាលថ្មក្រានីតចាស់ និងចាក់ថ្មពង្រីកទីលានតេជោចូលទៅក្នុងសមុទ្របន្ថែមទំហំប្រមាណ ៣៤,៤២១ ម៉ែត្រការ៉េរៀបចំផ្លូវថ្មើជើងភ្ជាប់ពីសណ្ឋាគារឆ្នេរសុខា ទៅកាន់ឆ្នែរអូរឈើទាល រៀបចំបន្ទប់ទឹកសាធារណៈរចនាបថសត្វសមុទ្រចំនួន ២កន្លែង សាងសង់រូបនាគបាញ់ទឹកចំនួន ២ (កម្ពស់សរុប ២១ម៉ែត្រ) និងដាំដើមឈើលម្អបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ និងណែនាំដល់ក្រុមការងារ ត្រូវរក្សាឱ្យបាននូវទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយបូកផ្សំជាមួយភាពស៊ីវិល័យ និងទំនើបកម្ម។ ណែនាំអាជីវករទាំងអស់មិនឱ្យដំឡើងថ្លៃទំនិញ/សេវាកម្ម បង្កើនឱជារសអាហារ គ្រប់គ្រងសំរាមឱ្យបានល្អ និងកាត់បន្ថយស្លាកយីហោគ្រឿងស្រវឹង ព្រមទាំងពិនិត្យកែសម្រួលអក្ខរាវិរុទ្ធលើស្លាកយីហោផ្សេងៗឱ្យបានត្រឹមត្រូវ។ ត្រូវរៀបចំស្តង់ពិព័រណ៍ឱ្យមានភាពទាក់ទាញ បង្កើតទីតាំងកម្សាន្តសម្រាប់កុមារ និងអញ្ជើញសហគមន៍ដែលមានថ្វីដៃមកចូលរួមឱ្យបានច្រើន។ ជាពិសេស ហាមដាច់ខាត ការនាំយកផលិតផលប្រភេទ «ផ្ទះលេខ២» មកតាំងលក់ ដោយត្រូវពិនិត្យទំនិញគ្រប់ប្រភេទឱ្យបានច្បាស់លាស់។

 

អត្ថបទ៖ម៉ារ៉ាឌី