ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងការដឹកជញ្ជូនលើកទី៤៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum – ITF) ដែលបានប្រព្រឹត្តទៅនៅសាធារណរដ្ឋឆែក
ទីក្រុងប្រាក សាធារណរដ្ឋឆែក៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងការដឹកជញ្ជូនលើកទី៤៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ អ្នកទទួលបន្ទុករៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រដឹកជញ្ជូននៃប្រទេសជាសមាជិក ITF ចំនួន៧២ប្រទេស ដែលមានតំណាងប្រទេសចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ សរុបចំនួនប្រមាណ១១០រូប។
របៀបវារៈសំខាន់ៗរបស់កិច្ចប្រជុំរួមមាន (១)-ការអនុម័ត និងឯកភាពលើសេចក្ដីព្រាងរបាយការណ៍សង្ខេបនៃកិច្ចប្រជុំសំខាន់ៗពាក់ព័ន្ធកន្លងមក (២)-ការបោះឆ្នោតគាំទ្រឱ្យអគ្គលេខាធិការ ITF បច្ចុប្បន្នមានលទ្ធភាពបន្តអាណត្តិការងារសម្រាប់ ឆ្នាំ២០២៧-២០៣២ (៣)-ការពិនិត្យ-សម្រេចលើសេចក្ដីព្រាងកម្មវិធីការងារ និងថវិកាសម្រាប់ឆ្នាំ២០២៧ របស់ ITF (៤) កិច្ចពិភាក្សាលើសេចក្ដីព្រាងឯកសារផែនការសកម្មភាពសម្រាប់គ្រប់គ្រងការចូលរួមវិភាគទានហិរញ្ញវត្ថុពីសមាជិក, អភិក្រមជាយុទ្ធសាស្ត្រសម្រាប់ជ្រើសរើសសមាជិក ITF ថ្មី, និងក្របខ័ណ្ឌកំណែទម្រង់សម្រាប់ប្រតិបត្តិការការងារក្នុងស្ថាប័ន ITF (៥) វឌ្ឍនភាពនៃការស្រាវជ្រាវថ្មីៗលើវិស័យដឹកជញ្ជូន និង (៦) វឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូល ITF នាឆ្នាំ២០២៧។
គួរបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ កម្ពុជាបានកា្លយជាសមាជិកទី៦៤ កាលពីឆ្នាំ២០២២ ហើយប្រទេសឡាវបានក្លាយជាសមាជិកក្នុងឆ្នាំ២០២៤ របស់ ITF។


