សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និង ឯកឧត្តម ចាយ បូរិន យាង និងអញ្ជើញ ពិធីប្រគល់ជោគជូយលាភី សិស្សពូកែផ្នែកភាសាបាលី-សំស្ក្រឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៦

ភ្នំពេញ៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសិស្សពូកែ ផ្នែកភាសាបាលី សំស្រ្តឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៦  នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គាធិការរង សម្តេច ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា និងព្រះសង្ឃ ជាបេក្ខសមណសិស្ស-សិស្សសរុបចំនួន ២៦៤អង្គ/នាក់ បានចូលរួមប្រឡង ក្នុងនោះផ្នែកបាតិមោក្ខ ចំនួន៦៦អង្គ និងផ្នែកភាសាបាលី-សំស្រ្តឹតចំនួន ១៩៨អង្គ/នាក់។

ឯកឧត្តម ចាយ បូរិន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលទ្រង់ផ្ដួចផ្តើមឱ្យមានកម្មវិធីប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យ និងកសាងបាននូវមូលធនព្រះសង្ឃ ជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា ការរៀបចំកម្មវិធីប្រឡងនាពេលនេះ ពិតជាឆ្លើយតបបានយ៉ាងស័ក្តិសមបំផុត ចំពោះវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រោះបាតិមោក្ខ គឺជាធម្មនុញ្ញ នៃព្រះពុទ្ធសាសនា ជាបញ្ញត្តិហាមឃាត់ដោយកាយ វាចា ចិត្ត ញ៉ាំងបុគ្គលអ្នកប្រតិបត្តិតាម ឱ្យរួចចាកពីអបាយ និងពីសេចក្តីទុក្ខបាន។ ចំណែកឯភាសាបាលី សំស្ក្រឹត ក៏មានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់ព្រះពុទ្ធសាសនា មិនត្រឹមតែជាគ្រឹះដ៏រឹងមាំក្នុងការរក្សានូវពុទ្ធវចនៈដើម ឱ្យគង់វង់ស្ថិតស្ថេរប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងអក្សរសាស្ត្រខ្មែរ ក៏មានពាក្យកម្ចីជាច្រើនដែលបានមកពីភាសាបាលី និងសំស្ត្រឹត។

ដើម្បីភាសាបាលី សំស្រ្តឹត និងសូត្របាតិមោក្ខ កាន់តែមានការរីកចម្រើម ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១-សូមឱ្យអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បន្តរៀបចំកម្មវិធីប្រឡងនេះ ឱ្យបានជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវភាពរឹងមាំ និងរីកចម្រើន នៃព្រះពុទ្ធសាសនា។

២.ដើម្បីឱ្យស្របទៅនឹងគោលបំណងនៃការប្រឡង សូមឱ្យព្រះចៅអធិការគ្រប់វត្តអារាម ចូលរួមពង្រឹងការធ្វើឧបោសថកម្មពោលគឺការសូធ្យព្រះបាតិបោក្ខ ឱ្យបានមួយខែពីរដង ឬយ៉ាងហោចឱ្យបាន១ដង ដើម្បីធ្វើឱ្យព្រះពុទ្ធសាសនាក្លាយទៅជាបុញ្ញខេត្ត ដ៏ប្រពៃសម្រាប់ពុទ្ធបរិស័ទ ។

៣- ភាសាបាលី សំស្រ្កឹត  គឺជាអត្តសញ្ញាណសម្គាល់ភាពខ្លាំងនៃវិស័យពុទ្ធិក ដូច្នេះសូមឱ្យអគ្គាធិការដ្ឋានពុទ្ធិកសិក្សាបង្កើតយន្តការគាំទ្រ ធ្វើយ៉ាងណារក្សាឱ្យបាននូវគុណតម្លៃនៃអត្តសញ្ញាណ និងភាពខ្លាំងនេះ ឱ្យបានគង់វង្ស ល្បីរន្ទឺ ទៅទូទាំងប្រទេស ហើយត្រូវជំរុញការសិក្សាភាសាទាំងនេះក្នុងនាមជា សោភ័ណភាពនៃអក្សរសាស្ត្រ និងជាឧបករណ៍សម្រាប់ស្រាវជ្រាវសិលាចារឹក វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ មិនមែនត្រឹមតែជាភាសាសាសនាមួយមុខនោះឡើយ។

៤-សូមឱ្យសមណសិស្ស សិស្សដែលទទួលបានជ័យលាភីថ្ងៃនេះ ត្រូវរក្សានូវគុណតម្លៃនេះឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវខិតខំប្រឹងប្រែងបន្តទៀត អភិវឌ្ឍចំណេះដឹងខាងផ្នែកភាសាបាលី សំស្ក្រឹតនេះ ឱ្យរឹងរិតតែមានភាពស្ទាត់ជំនាញខ្ពស់ ឡើងថែមទៀត ដើម្បីប្រែក្លាយជំនាញនេះ ទៅជាសក្តានុពលនៃវិស័យពុទ្ធិកសិក្សា ។

នាឱកាសដ៏វិសេសវិសាលនេះ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានយាងនិងអញ្ជើញជាព្រះរាជអធិបតីនិងអធិបតី ចែកនូវវិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តផ្សេងៗ ដល់បេក្ខសាមណជ័យលាភីដែលនិមន្តមកពីបណ្តាពុទ្ធិកសិក្សានានាទូទាំងរាជធានី-ខេត្ត ដែលចូលរួមតាមផ្នែកនីមួយៗប្រកបដោយសេចក្តីរីករាយនិងមោទនភាពបំផុត ។