អតីតអនុប្រធានាធិបតីអាម៉េរិក Kamala Harris ចេញមុខឃោសនាបោះឆ្នោតឱ្យបេក្ខជនរដ្ឋ Nevada មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិមកដល់ថ្ងៃទី៣ខែវិច្ឆិកា
អតីតអនុប្រធានាធិបតីអាម៉េរិក Kamala Harris បានបង្ហាញមុខចេញមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Las Vegas កាលពីថ្ងៃពុធនេះតំណាងឲ្យគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Nevada រួមទាំងបេក្ខជនជាអភិបាលរដ្ឋលោក Aaron Ford ដោយសល់ពេលតិចជាងពីរសប្តាហ៍ទៀត មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាម៉េរិកមកដល់នៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ។ ថ្លែងទៅកាន់សមាជិកនៃក្រុមសហជីពកម្មករ មួយថ្ងៃបន្ទាប់ពីថ្ងៃខួបកំណើតរបស់លោកស្រី Kamala Harris បានប្រាប់អ្នកចូលរួមទាំងអស់ថា អំណោយដែលលោកស្រីចង់បានគឺសម្រាប់ពួកគេ សូមទៅបោះឆ្នោតជ្រើសរើសលោក Aaron Ford និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាមេរិកឡើងវិញ ដែលមានលោកស្រី Dina Titus ផងដែរ ។ សមាជិកសហជីពទាំងអស់បានច្រៀងចំរៀងមួយ “រីករាយថ្ងៃកំណើត” ជូនដល់លោកស្រី នៅពេលដែលលោកស្រីឡើងទៅកាន់លើវេទិកាកិត្តិយស។ លោកស្រី Kamala បាននិយាយសរសើរការងាររបស់ក្រុមសហជីពទាំងអស់សម្រាប់រដ្ឋ Nevada ដែលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាស្ត្រីចំនួន២រូប និងសភានីតិបញ្ញត្តិរដ្ឋដែលមានស្ត្រីភាគច្រើនដំបូងគេរបស់ប្រទេសលោកខាងលិចមួយនេះ ហើយលោកស្រីបាននិយាយបញ្ជាក់ថា៖ លោក Ford នឹងក្លាយជាអភិបាលរដ្ឋជនជាតិស្បែកខ្មៅដំបូងគេនៅភាគខាងលិចនៃទន្លេ Mississippi ។ អំឡុងពេលនោះដែរលោកស្រី Kamela ក៏បានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដោយបានហៅវាថាជារដ្ឋបាលពុករលួយ ឃោរឃៅ និងអសមត្ថភាពបំផុតដែលលោកស្រីមិនធ្លាប់បានឃើញ។ លោក Ford គឺជាអគ្គព្រះរាជអាជ្ញានៃរដ្ឋ Nevada ពេលនេះកំពុងប្រកួតប្រជែងប្រជាប្រិយភាពជាមួយអភិបាលរដ្ឋបក្សសាធារណរដ្ឋគឺ លោក Joe Lombardo ដែលលោកចាត់ទុកថា “ជាកម្រាលព្រំសម្រាប់ដើរ” របស់លោក Donald Trump តែប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖សុផារិន្ទ


